Biden ទុកសំបុត្រមួយច្បាប់ឲ្យ Trump
បរទេស ៖ នៅយប់ដំបូង នៃការត្រលប់មកកាន់សេតវិមានឡើងវិញ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកបានរកឃើញសំបុត្រមួយច្បាប់ របស់លោក Joe Biden អតីតប្រធានាធិបតី នៅក្នុងថតតុការិយាល័យ Oval។
លោក Donald Trump បានគ្រវីស្រោមសំបុត្រពណ៌ស ក្នុងបន្ទប់ ដោយនិយាយលេងសើចថា «ប្រហែលជាយើង ទាំងអស់គ្នា គួរអានសំបុត្រជាមួយគ្នា»។ លោក Trump បាននិយាយថា លោកបានបើកសំបុត្រ ហើយបានចាត់ទុកថា មានខ្លឹមសារល្អណាស់ ដោយបញ្ជាក់ថា «ព្រោះជារឿងវិជ្ជមានសម្រាប់គាត់ ក្នុងការសរសេរសំបុត្រ ខ្ញុំពេញចិត្តនឹងលិខិតនេះ»។
បើតាមសារព័ត៌មាន Fox News បានរាយការណ៍ កាលពីថ្ងៃពុធថា អតីតប្រធានាធិបតី Joe Biden បានជូនពរ លោកប្រធានាធិបតី Donald Trump ឱ្យល្អបំផុត សម្រាប់រយៈពេល ៤ឆ្នាំខាងមុខ ផ្អែកតាមសំបុត្រមួយច្បាប់នេះ។
សំបុត្របានរៀបរាប់ថា «នៅពេលខ្ញុំឈប់ពីតំណែង ដ៏ពិសិដ្ឋនេះ ខ្ញុំសូមជូនពរឱ្យអ្នក និងក្រុមគ្រួសាររបស់អ្នក ជួបតែសេចក្តីសុខ ក្នុងពេលបួនឆ្នាំខាងមុខ។ ប្រជាជនអាមេរិក និងប្រជាជនជុំវិញពិភពលោក សម្លឹង មើលផ្ទះនេះ សម្រាប់ស្ថិរភាព នៅក្នុងព្យុះ នៃប្រវត្តិសាស្រ្ត ដែលជៀសមិនរួច ហើយការអធិស្ឋានរបស់ខ្ញុំ គឺថា នៅក្នុងប៉ុន្មានឆ្នាំ ខាងមុខនេះ នឹងក្លាយជាពេលវេលា នៃភាពរុងរឿង សន្តិភាព សម្រាប់ប្រទេសជាតិរបស់យើង»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត