សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញបញ្ចប់នីតិវិធី នៃការចរចាលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកថ្មី

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញបញ្ចប់នីតិវិធី នៃការចរចាលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកថ្មី ដើម្បីលើកកម្រិត និងពង្រីកផ្លូវដែក ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញដូច្នេះ ក្នុងឱកាសពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ។

ក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យបញ្ចប់នីតិវិធី នៃការចរចាលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកថ្មី ដោយកំណត់ឡើងវិញនូវការវិនិយោគ ក្នុងទម្រង់ភាពដៃគូរវាងរដ្ឋ និងឯកជន (PPP) ដែលមានការចូលរួម ពីដៃគូយុទ្ធសាស្ត្រថ្មី ដើម្បីលើកកម្រិត និងធ្វើឱ្យប្រសើរឡើងផ្លូវដែក ដែលមានស្រាប់ រួមទាំងធានានូវប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រតិបត្តិការផ្លូវដែកនៅកម្ពុជា ។ ជាងនេះទៅទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវសហការជាមួយក្រសួងពាក់ព័ន្ធ និងក្រុមហ៊ុនឯកជន ដើម្បីពង្រីកផ្លូវដែក ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងសាធារណការ ត្រូវជំរុញការសិក្សា និងពិនិត្យលទ្ធភាពស្វែងរកដៃគូវិនិយោគ និងដៃគូអភិវឌ្ឍលើការអភិវឌ្ឍប្រព័ន្ធផ្លូវដែកល្បឿនលឿន ដោយគិតគូរ ឱ្យបានច្បាស់លាស់អំពីការរៀបចំផែនការមេអភិវឌ្ឍន៍វិស័យផ្លូវដែកនៅកម្ពុជា, ជម្រើសការវិនិយោគ, ប្រសិទ្ធភាពសេដ្ឋកិច្ច និងផលប៉ះពាល់ផ្សេងៗ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនគ្រប់ប្រភេទ និងការកាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេស ការជំរុញអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី កម្ពុជា-ថៃ ឆ្នាំ២០១៩ ស្តីពី ការធ្វើចរាចរណ៍ផ្លូវដែករួមគ្នា និងការសិក្សាពិនិត្យលទ្ធភាព លើការសាងសង់ស្ថានីយរថភ្លើង អន្តរជាតិថ្មីនៅតំបន់ស្ទឹងបត់ ជំនួសឲ្យស្ថានីយប៉ោយប៉ែត ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា ស្រុកក្រគរ ខេត្ដពោធិ៍សាត់ នឹងរៀបចំឲ្យមានតំបន់សេដ្ឋកិច្ចពិសេសនៅពេលខាងមុខ ហើយត្រូវរៀបចំប្រព័ន្ធដឹកជញ្ជូន ឲ្យបានល្អប្រសើរ ពិសេសការប្រើប្រាស់ផ្លូវដែក។ ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា មិនមានតម្រូវការវិនិយោគ សាងសង់រថភ្លើងល្បឿនលឿន ដែលចំណាយថវិការាប់ពាន់លានដុល្លារនោះទេ ពោល គ្រាន់តែកែសម្រួលអ្វីដែលមានស្រាប់ ។

ទន្ទឹមនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្ដីបារម្ភរឿងរថភ្លេីងបុកឡាន ឬឡានបុករថភ្លេីង ដោយសារមានការតភ្ជាប់ នៅក្បែរភូមិឋានរបស់ប្រជាពលរដ្ឋផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner