សិង្ហបុរីព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ បើសិនអាមេរិក និងចិន មិនអាចគ្រប់គ្រងជម្លោះបាន
សិង្ហបុរី ៖ នៅពេលដែលលោក ត្រាំ ត្រឡប់ទៅសេតវិមានវិញ ជាមួយនឹងការគំរាមកំហែងថ្មីប្រឆាំងនឹងប្រទេសចិននោះ មេដឹកនាំសិង្ហបុរីបានព្រមានថា គ្រោះមហន្តរាយនឹងកើតមានឡើង ប្រសិនបើភាគីទាំងពីរមិនអាចចុះសម្រុងគ្នាបាន ហើយអាចអូសទាញពិភពលោកទាំងមូលឱ្យរស់នៅជាមួយជម្លោះរបស់ពួកគេ។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានថ្លែងបែបនេះ នៅក្នុងព្រឹត្តិការណ៍មួយនៅឯសាកលវិទ្យាល័យជាតិសិង្ហបុរី កាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅពេលត្រូវបានសាកសួរថាតើអាណត្តិទីពីររបស់លោក ត្រាំ មានន័យយ៉ាងណាសម្រាប់តំបន់។
បើតាមកាសែត Straits Times លោក Wong បានលើកឡើងថា ខណៈពេលដែលសហរដ្ឋអាមេរិក និងចិន កំពុងប្រកួតប្រជែងគ្នាដើម្បីភាពជាមេដឹកនាំពិភពលោកនោះ ទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ទំនងជាមិនចង់ឱ្យមានសង្រ្គាមកើតឡើងនោះទេ។
ប៉ុន្តែលោកបានព្រមានថា ប្រទេសដូចជាសិង្ហបុរីមិនគួរត្រូវបានបង្ខំឱ្យចូលរួមទាំងប្លុកអាមេរិក ឬប្លុកចិននោះទេ។ លោកបន្តថា សកម្មភាពបែបនេះ អាចនឹងនាំពិភពលោកទៅដល់គែមនៃសង្គ្រាមលោកលើកទីបី។
ទោះបីជាចេញការព្រមានក៏ដោយ លោក Wong បាននិយាយថា លោកមានអារម្មណ៍ថា វាមិនទំនងថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន នឹងកាន់តែអាក្រក់រហូតដល់បង្កជា “សង្រ្គាមលោកលើកទីបី” នោះទេ ពីព្រោះប្រសិនបើសហរដ្ឋអាមេរិកកាត់ខ្លួនចេញពីចិន នោះវានឹងធ្វើឱ្យខូចសេដ្ឋកិច្ចអាមេរិក និងប៉ះពាល់ដល់ពលរដ្ឋអាមេរិកផងដែរ៕
ប្រភព ៖ Fortune ប្រែសម្រួល ៖ ឈឹម ទីណា