នគរបាលស្រុកកំពង់សៀម កំពុងស្រាវជ្រាវរកជនដៃដល់កាប់​បំផ្លាញដំណាំ​ថ្នាំជក់ជាងមួយហិកតា

កំពង់ចាម៖ កសិករជាម្ចាស់ចម្ការដំណាំថ្នាំជក់បានរាយការណ៍ជូនសមត្ថកិច្ច​នគរបាល​ស្រុកកំពង់សៀម ដើម្បីស្វែងរកជនដៃដល់មិនស្គាល់មុខ​កាប់​បំផ្លាញដំណាំថ្នាំជក់របស់គាត់អស់ប្រមាណ២៥ ០០០ដើម លើផ្ទៃដី​ជាងមួយហិកតា។ ។សកម្មភាពបំផ្លិច​បំផ្លាញទ្រព្យនេះបាន​កើត​ឡើងកាលពីចន្លោះម៉ោង១១យប់ថ្ងៃទី២១ ខែមករារហូតដល់វេលាម៉ោង​២រំលងអធ្រាត្រឈាន​ចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ។

នៅថ្ងៃទី២៤ ខែមករា កម្លាំងនគរបាល​ស្រុកកំពង់សៀមបានចុះទៅដល់​ទីតាំងកើតហេតុ។មន្ត្រីនគរបាលបានឱ្យដឹងថា សមត្ថកិច្ចបានទទួលព័ត៌មាន និងបណ្ដឹងពីឈ្មោះ ឡេង ប៊ុនធឿន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិទី៦ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានប្ដឹងរាយការណ៍ថា មានករណីកាប់បំផ្លិចបំផ្លាញដំណាំថ្នាំ ជក់​របស់គាត់​នៅចំណុច​ដីចម្ការថ្នាំជក់ ស្ថិតក្នុងភូមិទី៧ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាមនៅ​ចន្លោះ​ម៉ោង១១យប់ថ្ងៃទី២១ ខែមករា រហូតដល់វេលាម៉ោង២រំលងអធ្រាត្រឈាន​ចូលថ្ងៃទី២២ ខែមករា ។ជនសង្ស័យមិនស្គាល់អត្ត សញ្ញាណបានធ្វើសកម្មភាព​កាប់បំផ្លាញ់ដំណាំថ្នាំជក់អស់ប្រមាណ ២៥ ០០០ដើម នៅលើផ្ទៃដីទំហំជាង​មួយហិកតា(១៦ម៉ែត្រគុណនឹង៧០០ម៉ែត្រ)។

ក្រោមការដឹកបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគ​របាលខេត្តកំពង់ចាម លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាល​ស្រុកកំពង់សៀមបានចាត់កម្លាំងជំនាញនៃការដ្ឋាននគរបាលស្រុកកំពង់សៀមដឹកនាំ​កម្លាំង​នគរបាលប៉ុស្តិ៍រដ្ឋបាលកោះសំរោង សហការជាមួយ​កម្លាំងជំនាញ​ផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត​ដឹកនាំ​ដោយលោកឧត្តមសេនីយ៍ត្រី ថាញ់ សុខវ៉ុន ស្នងការរងទទួលជំនួយការិយាល័យព្រហ្មទណ្ឌស្រាល ចុះដល់ទីកន្លែង​កើត​​ហេតុ​ធ្វើការដើម្បីពិនិត្យ និង ស្រាវជ្រាវ ។ករណីនេះសមត្ថកិច្ច​ជំនាញកំពុងបន្តធ្វើការស្រាវជ្រាវរៀបចំ កសាង ឯកសារសំណុំ​រឿងតាមនីតិវិធី ៕
ដោយ៖លី ពៅ

ads banner