ប្រធានរដ្ឋអាជ្ញា ICC ស្នើចាប់ខ្លួនមេធំតាលីបង់ រឿងធ្វើបាបស្ត្រី
បរទេស ៖ ប្រធានរដ្ឋអាជ្ញា របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា លោកកំពុងស្នើឲ្យមានដីកាចាប់ខ្លួន មេដឹកនាំជាន់ខ្ពស់តាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជុំវិញការធ្វើទុក្ខបុកម្នេញលើស្ត្រី ដែលជាឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ។
លោកប្រធានរដ្ឋអាជ្ញា Karim Khan បាននិយាយថា មានហេតុផល សមហេតុ សមផល ក្នុងការសង្ស័យថា មេដឹកនាំកំពូល ឈ្មោះ Haibatullah Akhundzada និង ប្រធានចៅក្រម ឈ្មោះ Abdul Hakim Haqqani ឲ្យទទួលខុសត្រូវព្រហ្មទណ្ឌ ចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៃការធ្វើទុក្ខបុកម្នេញ លើហេតុផល យេនឌ័រ។
លោក Khan បាននិយាយថា ស្ត្រី និងក្មេងស្រី អាហ្វហ្គានីស្ថាន ក៏ដូចជា សហគមន៍ LGBTQ កំពុងប្រឈមមុខនឹង ការបៀតបៀន ដែលមិនធ្លាប់មាន ពីមុនមក បង្កឡើងដោយពួកតាលីបង់។
ឥឡូវនេះ ចៅក្រម ICC នឹងពិចារណា លើពាក្យសុំរបស់លោក Khan មុនពេលសម្រេចចិត្តថា តើត្រូវចេញដីកា ឬ យ៉ាងណា ដោយដំណើរការ អាចចំណាយពេល ច្រើនសប្តាហ៍ ឬ រាប់ខែ។
តុលាការដែលមានមូលដ្ឋាន នៅទីក្រុងឡាអេ មួយនេះ ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រង លើឧក្រិដ្ឋកម្មដ៏អាក្រក់បំផុត របស់ពិភពលោក ដូចជា ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ICC មិនមានកម្លាំងប៉ូលិសទេ តែពឹងផ្អែកលើរដ្ឋសមាជិក ចំនួន១២៥ របស់ខ្លួន ដើម្បីអនុវត្តដីកា។ តាមទ្រឹស្ដីនេះ មានន័យថា អ្នកណាក៏ដោយ ដែលស្ថិតនៅក្រោមដីកាចាប់ខ្លួនរបស់ ICC មិនអាចធ្វើដំណើរទៅកាន់រដ្ឋ ជាសមាជិកបានទេ ដោយសារខ្លាចការចាប់ឃាត់ខ្លួន។ លោក Khan បានព្រមានថា លោកនឹងស្វែងរកពាក្យសុំដីការចាប់ខ្លួន បន្ថែមទៀត លើមន្ត្រីតាលីបង់ នៅអាហ្វហ្គានីស្ថាន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត