គុណភាពខ្យល់នៅបាងកកកាន់តែប្រសើរឡើងវិញ
បរទេស ៖ ផ្អែកតាមកាសែត The Nation មជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់ របស់រដ្ឋបាលក្រុងបាងកក បាននិយាយថា គុណភាពខ្យល់ នៅក្នុងទីក្រុង បានបន្តប្រសើរឡើងវិញ នៅព្រឹកថ្ងៃអង្គារនេះ ជាមួយនឹងកម្រិត PM2.5 ស្ថិតក្នុងកម្រិតមធ្យម នៅក្នុងខណ្ឌភាគច្រើន នៃខណ្ឌទាំង ៥០របស់ខ្លួន ។
ប្រភពបន្តថា កម្រិត PM2.5 ជាមធ្យម នៅទូទាំងទីក្រុងបាងកក គឺ២៦មីក្រូក្រាម ក្នុងមួយម៉ែត្រគូប ក្នុងរយៈពេលជាមធ្យម បីម៉ោង ពោលគឺចន្លោះ ពីម៉ោង ៥ រហូតដល់ ម៉ោង ៧ព្រឹក។
PM2.5 សំដៅលើភាគល្អិតធូលី ដែលមានអង្កត់ផ្ចិត ២.៥ មីក្រូម៉ែត្រ ឬ តិចជាងនេះ ដែលជាការប៉ះពាល់រយៈពេលវែង ហើយត្រូវបានផ្សារភ្ជាប់ ជាមួយនឹងជំងឺរ៉ាំរ៉ៃ រួមទាំងបញ្ហាសួត និង បេះដូង។ ប្រភពសំខាន់ៗនៃ PM2.5 រួមមាន ការបំភាយពីចរាចរតាមដងផ្លូវ រោងចក្រ ភ្លើងឆេះព្រៃ និង ការដុតសំណល់ នៃការប្រមូលផល។
យ៉ាងណាមិញ នៅមានខណ្ឌចំនួន១០ ដែលត្រូវបានរាយការណ៍អំពីកម្រិត PM2.5 ខ្ពស់បំផុតនៅឡើយ នេះបើតាម The Nation ដដែល៕
ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត