តួកគីចាប់ខ្លួនមនុស្ស ១៩នាក់ ពាក់ព័ន្ធនឹងករណីឆេះសណ្ឋាគារនៅរមណីយដ្ឋានជិះស្គី
អង់ការ៉ា ៖ អាជ្ញាធរតួកគីបានចាប់ខ្លួនមនុស្ស ១៩នាក់ ដែលនេះជាផ្នែកមួយនៃការស៊ើបអង្កេតករណីភ្លើងដ៏សាហាវនៅឯរមណីយដ្ឋានជិះស្គីលើភ្នំ Bolu។ នេះបើតាមការចេញផ្សាយដោយទូរទស្សន៍រដ្ឋតួកគី TRT កាលពីថ្ងៃចន្ទ។
អ្នកដែលត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងករណីឆេះសណ្ឋាគារនៅរមណីយដ្ឋានជិះស្គី Kartalkaya ដែលបណ្តាលឲ្យមនុស្ស ៧៨នាក់បាត់បង់ជីវិត មានដូចជាអភិបាលរងក្រុង Bolu, នាយករងនៃភ្នាក់ងារពន្លត់អគិ្គភ័យ Fire Brigade, អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ Gazelle Hotel Ahmet Demir និងបុគ្គលិកពន្លត់អគ្គីភ័យ Irfan Acar។
ដោយឡែក ជនសង្ស័យចំនួន ១៥នាក់ផ្សេងទៀត រួមទាំងម្ចាស់សណ្ឋាគារ និងអ្នកគ្រប់គ្រងក៏ត្រូវបានចាប់ខ្លួនផងដែរ ខណៈមនុស្ស ៦នាក់ត្រូវបានដោះលែងវិញ។
ទូរទស្សន៍រដ្ឋតួកគី TRT បានរាយការណ៍ថា ការរកឃើញដំបូងបង្ហាញថា ភ្លើងបានចាប់ផ្តើមឆាបឆេះនៅក្នុងផ្ទះបាយ ហើយបានឆេះរាលដាលយ៉ាងឆាប់រហ័ស ដោយសារតែខ្វះប្រព័ន្ធបាញ់ទឹកពន្លត់អគ្គិភ័យ។
សូមរម្លឹកថា អគ្គីភ័យមួយបានឆាបឆេះឡើងនៅ ព្រឹក ព្រលឹម ថ្ងៃ ទី ២១ ខែមករា ដោយវដោយវាឆេះរាលដាលយ៉ាងឆាប់រហ័សនៅក្នុងសណ្ឋាគារ ឈើ កម្ពស់ ១២ ជាន់ ។
ឧបទ្ទវហេតុនេះបានបង្កឱ្យមានការអំពាវនាវឲ្យស្វែងរកមុខអ្នកទទួលខុសត្រូវ និងធ្វើកំណែទម្រង់ ដោយអ្នកជំនាញឯករាជ្យបានគូសបញ្ជាក់ថា សណ្ឋាគារ Grand Kartal ខ្វះវិធានការសុវត្ថិភាពអគ្គីភ័យជាមូលដ្ឋាន៕



ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា