អភិបាលខេត្តកំពង់ចាម ជំរុញសេវាករឱ្យពន្លឿនការងារដើម្បីផ្គត់ផ្គង់​ទឹកស្អាត​ក្នុងដែនរបស់ខ្លួន

កំពង់ចាម ៖ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាព និងបើកកិច្ចប្រជុំ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៥ នេះបាន​ជំរុញដល់សេវាករឱ្យពន្លឿនការងារដោះស្រាយឱ្យបានឆាប់រហ័ស ក្នុងការផ្គត់​ផ្គង់ទឹក​ស្អាតដល់ប្រជាពលរដ្ឋក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ បានប្រើប្រាស់ ។

លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរបានឱ្យដឹងថា សេវាករដល់ទទួលបាន​អាជ្ញា​បណ្ណក្នុងការផ្គត់ផ្គង់ទឹកស្អាត នៅក្នុង​ឃុំព្រែកដំបូក គឺចាប់តាំងពីឆ្នាំ ២០១២ មកម៉្លេះ ហើយបញ្ហាកង្វះទឹកស្អាតប្រើប្រាស់បានកើតឡើងនៅឆ្នាំ ២០១៤ រហូត​មកដល់បច្ចុប្បន្ន។លោកបន្តថា នៅក្នុងកំលុងពេលមាន​បញ្ហា​ផ្គត់ផ្គង់ទឹកស្អាត ប្រជាពលរដ្ឋបានប្រើប្រាស់ទឹកមិនស្អាត ទឹកមានកករ និងប្រើទឹកមិនគ្រប់គ្រាន់ ឬមានពេលខ្លះដាច់ទឹករយៈពេលយូរថ្ងៃថែម​ទៀត​ផង។

ពាក់ព័ន្ធនឹងករណីខាងលើនេះ បន្ទាប់ពីទទួលសេចក្តីរាយការណ៍របស់​អភិបាលស្រុកស្រីសន្ធរ ,អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់សេវាករទទួលអាជ្ញាបណ្ណ ធ្វើយ៉ាងណាពន្លឿនការងាររបស់ខ្លួន ដើម្បីផ្គត់ផ្គង់ទឹកស្អាត​ដល់ប្រជាពល​រដ្ឋ​បានប្រើប្រាស់ក្នុងដែនរបស់ខ្លួនយ៉ាង​យូរបំផុតរយៈពេល៣ខែទៀត ៕
ដោយ៖លីពៅ

ads banner