ប៉ាណាម៉ាបាតុកម្ម មុនរដ្ឋមន្ត្រីការបរទេសអាមេរិកមក
បរទេស ៖ ក្រុមនិស្សិតប្រទេស ប៉ាណាម៉ា បានចេញក្រៅតវ៉ា មុនពេលមានការបំពេញទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ទៅកាន់ប្រទេសរបស់ខ្លួន ដោយគេដឹងថា ជាទស្សនកិច្ច ចំពេល លោក ត្រាំ ចង់ច្បាមយកព្រែកជីក ប៉ាណាម៉ា មកគ្រប់គ្រងវិញ។
និស្សិតប៉ាណាម៉ា មួយក្រុមតវ៉ា នៅក្នុងរដ្ឋធានី កាលពីព្រហស្បតិ៍ នៅមុនពេល ពីរថ្ងៃនៃដំណើរទស្សនកិច្ច របស់លោក Marco Rubio ទៅកាន់ប្រទេសប៉ាណាម៉ា ដែលនឹងក្លាយជាប្រទេសដំបូង ក្នុងដំណើរទស្សនកិច្ចនៅអាមេរិកកណ្តាល របស់លោក ហើយជាដំណើរទស្សនកិច្ច លើកដំបូង របស់លោក នៅបរទេស ក្នុងនាមជាប្រមុខការទូតថ្មី របស់សហរដ្ឋអាមេរិក។
លោក Rubio ត្រូវបានគេរំពឹងថា នឹងថ្លែងសុន្ទរកថា ជុំវិញ «របៀបវារៈ» របស់ប្រធានាធិបតី Donald Trump ដែលបានប្តេជ្ញាថា នឹងយកការគ្រប់គ្រងព្រែកជីកប៉ាណាម៉ាមកវិញ។
គួរបញ្ជាក់ថា ព្រែកជីកប៉ាណាម៉ា ត្រូវបានសាងសង់ ដោយសហរដ្ឋអាមេរិកភាគច្រើន ជាមួយនិងកម្លាំងពលកម្ម មកពីតំបន់ការីបៀនដើមកំណើតអាហ្រ្វិក ឬ Afro-Caribbean ហើយបានបើកដំណើរការ នៅឆ្នាំ ១៩១៤។ សហរដ្ឋអាមេរិក បានប្រគល់ទៅឱ្យប្រទេសប៉ាណាម៉ា នៅចុងឆ្នាំ ១៩៩៩។ ប៉ាណាម៉ា ជាអ្នកគ្រប់គ្រងព្រែកជីកនេះ ប៉ុន្តែ ត្រាំថា កំពុងមានភាពលម្អៀង ក្នុងការដឹកជញ្ជូនទំនិញអន្តរជាតិ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
