កាណាដាតំឡើងពន្ធទំនិញអាមេរិកវិញ ជាការសងសឹក

បរទេស ៖ ប្រទេស កាណាដា ប្រកាសសងសឹកនឹងសហរដ្ឋអាមេរិក ជុំវិញការតំឡើងពន្ធ ២៥ភាគរយ លើមុខទំនិញកាណាដា បញ្ជូនទៅលក់នៅសហរដ្ឋអាមេរិក នេះបើតាមនាយករដ្ឋមន្រ្តី Justin។

លោក Justin Trudeau បាននិយាយ កាលពីថ្ងៃសៅរ៍ថា «កាណាដានឹងឆ្លើយតបទៅនឹងសកម្មភាពពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ជាមួយនឹងពន្ធ ២៥ភាគរយ ប្រឆាំងនឹងទំនិញអាមេរិក ដែលមានតម្លៃ ១៥៥ ពាន់លានដុល្លារកាណាដា ឬ ១០៦ ពាន់លានដុល្លារអាមេរិក»។ លោកថា ជុំទីមួយនៃពន្ធ នឹងកំណត់គោលដៅ ៣០ពាន់លានដុល្លារកាណាដា នៃទំនិញអាមេរិក នៅថ្ងៃអង្គារ បន្ទាប់មក ពន្ធបន្ថែមលើផលិតផលដែលមានតម្លៃ ១២៥ពាន់លានដុល្លារកាណាដា ក្នុងរយៈពេលបីសប្តាហ៍។

លោក Trudeau បាននិយាយថា «យើងពិតជាមិនចង់ឲ្យកើនឡើងនោះទេ។ ប៉ុន្តែយើងនឹងក្រោកឈរឡើង សម្រាប់ប្រទេសកាណាដា សម្រាប់ជនជាតិកាណាដា សម្រាប់ការងារកាណាដា»។

លោកបានបន្ថែមថា ពន្ធនឹងអនុវត្តចំពោះ «ទំនិញប្រចាំថ្ងៃ» ដូចជា ស្រាបៀរ​ ស្រា ប័រ ផ្លែឈើ បន្លែ ឧបករណ៍ប្រើប្រាស់ ឈើ និងផ្លាស្ទិក ជាដើម។

លោក Trudeau បាននិយាយថា ជម្លោះពាណិជ្ជកម្មនឹងមាន «ផលវិបាក» សម្រាប់ជនជាតិកាណាដា ប៉ុន្តែ ក៏មានសម្រាប់ជនជាតិអាមេរិកផងដែរ រួមទាំងការបាត់បង់ការងារ ការចំណាយខ្ពស់សម្រាប់អាហារ និងប្រេងសាំង ការបិទរោងចក្រដំឡើងរថយន្ត ដែលមានសក្តានុពល និងរារាំងដល់ការចូល ទៅកាន់ថ្មនីកែល កាណាដា ដូចជា ប៉ូតាស្យូម អ៊ុយរ៉ាញ៉ូម ដែក និងអាលុយមីញ៉ូម។

មុននេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដំឡើងពន្ធ យ៉ាងទូលំទូលាយ លើប្រទេសកាណាដា និងពីរប្រទេសទៀត ដោយលើកឡើងពីការគំរាមកំហែង រឿងអន្តោប្រវេសន៍ខុសច្បាប់ និងគ្រឿងញៀន។ ការនាំចេញរបស់កាណាដា ទៅកាន់សហរដ្ឋអាមេរិក នឹងប្រឈមមុខនឹងពន្ធ ២៥ភាគរយ ចាប់ពីថ្ងៃអង្គារ សប្តាហ៍នេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner