ម៉ិកស៊ិកចរចាជាមួយ Trump ឲ្យផ្អាកវិធានការពន្ធបានសម្រេច

បរទេស ៖ ប្រធានាធិបតីប្រទេស ម៉ិកស៊ិក លោកស្រី Claudia Sheinbaum និង លោក Donald Trump បាននិយាយ កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក បានយល់ព្រមពន្យារពេល ចាប់ផ្តើមវិធានការបង្កើនពន្ធ លើទំនិញម៉ិកស៊ិក រយៈពេលមួយខែ។

លោកស្រី Sheinbaum បានប្រកាសថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀង រវាងប្រទេសជិតខាង ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ម៉ិកស៊ិកនឹងពង្រឹងសន្តិសុខ នៅតាមព្រំដែនរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។

លោកស្រី Sheinbaum បាននិយាយថា «យើងមានការសន្ទនាដ៏ល្អ ជាមួយប្រធានាធិបតី Trump ជាមួយនឹងការគោរពជាច្រើន ចំពោះទំនាក់ទំនង និងអធិបតេយ្យភាពរបស់យើង»។ លោកស្រី បាននិយាយថា «ម៉ិកស៊ិកនឹងពង្រឹងព្រំដែន ភាគខាងជើង ភ្លាមៗ ជាមួយនឹងកងទ័ពឆ្មាំជាតិចំនួន ១ម៉ឺននាក់ ដើម្បីការពារទប់ស្កាត់ការជួញដូរគ្រឿងញៀនពីម៉ិកស៊ិក ទៅកាន់សហរដ្ឋអាមេរិក ជាពិសេស ក្រុមថ្នាំញៀន Fentanyl» ។

លោកស្រី Sheinbaum បាននិយាយថា ក្រុមមកពីប្រទេសទាំងពីរ ចាប់ផ្តើមធ្វើការ ក្នុងថ្ងៃអង្គារនេះ លើបញ្ហាសន្តិសុខ និងពាណិជ្ជកម្ម។

រីឯ លោក Trump វិញ បានបញ្ជាក់ពីការផ្អាកនេះ នៅក្នុងការបង្ហោះ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបាននិយាយថា កិច្ចពិភាក្សារបស់លោក ជាមួយនឹងមេដឹកនាំម៉ិកស៊ិក គឺល្អណាស់ លោកបានបន្ថែមថា ប្រទេសទាំងពីរនឹងចរចា ក្នុងអំឡុងពេលមួយខែនេះ។

កាលពីថ្ងៃសៅរ៍ លោក Trump បានប្រកាសពីការបង្កើនពន្ធគយ លើប្រទេសម៉ិកស៊ិក កាណាដា និង ប្រទេសចំនួន២ទៀត ដោយសារតែ ការគំរាមកំហែងធំពីអន្តោប្រវេសន៍ខុសច្បាប់ និងគ្រឿងញៀន ដែលជំរុញឱ្យ លោកស្រី Sheinbaum ប្តេជ្ញាសងសឹកវិញដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner