អភិបាលខេត្តស្វាយរៀងបេីកយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ “ផ្លូវជាតិគ្មានសំរាមប្លាស្ទិក” 

អត្ថបទដោយ៖
នុត នាង

(ស្វាយរៀង)៖ ឯកឧត្តម ​ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានបេីកយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ “ផ្លូវជាតិគ្មានសំរាមប្លាស្ទិក” ស្ថិតនៅបរិវេណសាលាឃុំក្រោលគោ ស្រុកស្វាយជ្រំ ។ 

ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា​ យុទ្ធនាការសំអាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងចូលរួមចំណែក លើកកម្ពស់សោភ័ណភាព​ ស្រុក/ក្រុង និងទីប្រជុំជននៅតាមបណ្តាផ្លូវជាតិលេខ១ ឲ្យកាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការស់នៅប្រកបដោយផាសុខភាព និងការទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍មកប្រទេសកម្ពុជាកាន់តែច្រើនឡើង ។ 

ទន្ទឹមនេះ ឯកឧត្តម បានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់​ ទាំងវិស័យសាធារណៈ និង ឯកជន រដ្ឋបាលក្រុង/ស្រុក​ ឃុំ​ សង្កាត់​ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ត្រូវរៀបចំសកម្មភាពចុះសំអាតផ្លូវជាតិ​នៅតាមមូលដ្ឋានរៀងៗខ្លួន និងសំណូមពរដល់បងប្អូនកម្មក​រ កម្មការិនី​ និងប្រជាពលរដ្ឋទាំងអស់​ សូមកុំបោះចោលសម្រាមនៅតាមដងផ្លូវ​ពាសវាលពាសកាល ។ 

បន្ទាប់ពីមានប្រសាសន៍បេីកយុទ្ធនាការនេះ ​ឯកឧត្តម អភិបាល​ អភិបាលរងខេត្ត​ លោកប្រធាន​ អនុប្រធាន​ និងមន្ត្រីនៃមន្ទីរបរិស្ថាន​ លោកអភិបាល​ និងគណៈអភិបាលស្រុក​ លោកមេឃុំ​ ក្រុមប្រឹក្សាឃុំ​ អាជ្ញាធរ​មូលដ្ឋាន​ ព្រមទាំងប្រជាពលរដ្ឋ​ និងសិស្សានុសិស្ស​បានធ្វេីការរេីសសម្រាម​ ដេីម្បីសម្អាតនៅតាមដងផ្លូវជាតិលេខ១ក្នុងទីប្រជុំជនផ្សារក្រោលគោ​ និងតាមបណ្តោយផ្លូវជាតិក្នុងស្រុកស្វាយជ្រំ​ និងនៅតាមបណ្តោយផ្លូវជាតិក្នុងក្រុងស្វាយរៀងក៏មានការចូលរួមពីសិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ​ ព្រមទាំងអាជ្ញាធពាក់ព័ន្ធ​ វិស័យ​ឯកជនចូលរួមសម្អាតផងដែរ ៕

ដោយ ៖ នុត នាង

ads banner