អាជ្ញាធរជាតិអប្សរាស្នើឱ្យសាធារណជននៅឱ្យឆ្ងាយពីសត្វស្វា បញ្ឈប់​ផ្តល់ចំណី និង លលេងជាមួយសត្វស្វានៅរមណីយដ្ឋានអង្គរ ដែលអាចបង្ករបួសស្នាមដោយប្រការណាមួយ

ភ្នំពេញ៖អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ៖ ក្នុងរយៈកាលថ្មីៗនេះ ចំនួនសត្វស្វានៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើង​គួរឱ្យកត់សម្គាល់។

ប្រភពខាងលើនេះបានបញ្ជាក់ឱ្យដឹងដែរថា៖បច្ចុប្បន្ននេះតាមរយៈ​ការ​ផ្តល់​ចំណីជាប្រចាំរបស់ក្រុមបុគ្គលមួយចំនួនតូច ក្នុងគោលបំ​ណង​ផលិតមាតិកាជាប្រយោជន៍ផ្ទាល់ខ្លួន បានផ្លាស់ប្តូរនូវទម្លាប់​រស់នៅ​បែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក ដែលមានចរិតកាច ចេះដណ្តើមចំណី និងឈានរហូតដល់ការបង្ក​ជារបួសស្នាមទៅលើមនុស្សជាដើម។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី៤ ខែ កុម្ភៈ ឆ្នាំ ២០២៥នេះបានឱ្យដឹងថា ក្នុងគោល​ដៅ​ដើម្បី​ស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងករណីខាងលើនេះ អាជ្ញាធរ​ជាតិអប្សរា ក្រោមកិច្ចសហការជិតស្និទ្ធជាមួយ​ស្ថាប័នជំនាញ​នានា​របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចជា រដ្ឋបាល​ព្រៃ​ឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប​ជា​ដើម បានប្រជុំពិភាក្សាគ្នាជា បន្តបន្ទាប់ឈានទៅរកការអនុវត្តវិធាន​ការចាំបាច់នានា នាពេលខាងមុខ។ មួយវិញទៀត នាពេលកន្លងមក ទាំងអាជ្ញាធរជាតិអប្សរា និងស្ថាប័នជំនាញខាងលើ បានចេញជា​សេចក្តី​ប្រកាសព័ត៌មានអំពីបញ្ហានេះ អមដោយ ការអំពាវនាវ​ជា​សាធារណៈ ស្នើសាធារណជនទាំងអស់ មេត្តានៅឱ្យឆ្ងាយពីសត្វស្វា បញ្ឈប់ការផ្តល់ចំណី ចៀសវាងប៉ះពាល់ ឬលេងជាមួយសត្វស្វា ជាដើម។ល។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះអាជ្ញាធរជាតិអប្សរាបានស្នើសាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ ទេសចរណ៍ និងប្រតិបត្តិករវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបទាំងអស់ មេត្តា​ជួយផ្សព្វផ្សាយនូវខ្លឹមសារនេះ ក៏ដូចជាណែនាំ និងបញ្ឈប់នូវ​សកម្ម​ភាព​ណាមួយដែលអាចនាំមកនូវបញ្ហាបង្កឡើងដោយ​សត្វស្វា​ជាយថាហេតុ។

ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា នឹងបន្តកិច្ចសហការជាមួយផ្នែក​ជំនាញ​ពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បី​ស្វែងរកដំណោះស្រាយសមរម្យ ក្នុងការបញ្ចៀសនូវ​បញ្ហាផ្សេងៗ​ក្នុងឧទ្យានអង្គរ ដែលបង្កឡើងដោយសត្វស្វា៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner