រដ្ឋបាលខេត្តម្ចាស់ឱសថស្ថានឯកជនធ្វើអាជីវកម្មក្នុងខេត្តត្រូវគោរពតាមគោលការណ៍របស់រដ្ឋបាលខេត្ត និងក្រសួង​សុខាភិបាល

កែប៖ រយៈពេលពីរថ្ងៃ នៅថ្ងៃទី៤និងទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារ ជម្រុះសុខាភិបាល​ នៃរដ្ឋបាលខេត្តកែប ដឹកនាំ​ដោយលោក ប៊ុន យោង អភិបាលរងខេត្ត​ ទទួលបន្ទុកវិស័យសុខាភិបាល បានចុះណែនាំនិង ពិនិត្យទីតាំងឱសថស្ថាន និងគ្លីនិកឯកជន ដែលបើកធ្វើអាជីវកម្មក្នុងភូមិ សាស្ត្រក្រុងកែប និងស្រុកដំណាក់ចង្អើរ ។សកម្មភាពនេះ​ក្នុងបំណង​ដើម្បីពិនិត្យ កែលម្អ នៅចំណុចខ្វះខាត និងបង្ការទប់ស្កាត់នៅការលក់ ឱសថមិនចុះបញ្ជីការ ឱសថហាមឃាត់ និងហួស​សុពលភាព។

មន្រ្តីក្រុមការងារបានឱ្យដឹងថា ជាលទ្ធផលក្រុមការងារបានចុះពិនិត្យ ជាក់ស្តែងនៅក្រុងកែបចំនួន៦ទីតាំង (បិទទ្វារ១) និង​ស្រុកដំណាក់ ចង្អើរ៨ទីតាំង (បិទទ្វារ៤) និងបានរកឃើញ ឱសថស្ថានខ្លះ IPC មិនមានស្តង់ដា មិនមានកត់ត្រា​ឈ្មោះ​អ្នកជំងឺ មិនមានតារាងតម្លៃ មិនមានវិក្កយបត្រទិញ-លក់ ។ក្រុមការងារដកហូត ឱសថមិនចុះ បញ្ជីការ ឱសថហាមឃាត់ និងឱសថហួសសុពលភាពមួយចំនួន។

ក្នុងឱកាសនេះ លោក ប៊ុន យោង បានណែនាំដល់ម្ចាស់ឱសថស្ថាន ទាំងអស់ឱ្យធ្វើកិច្ចសន្យាលើចំណុចខ្វះខាតផ្សេងៗ ដែលក្រុមការងារ បានរកឃើញ និងបានណែនាំដល់ម្ចាស់ឱសថស្ថាន ត្រូវរៀបចំកែលម្អ ឡើងវិញ​ចំណុចដែលខ្វះខាត​និងត្រូវគោរពតាមគោការណ៍ណែនាំរបស់ រដ្ឋបាលខេត្តកែប និងក្រសួងសុខាភិបាល រួមជាមួយការប្រកាន់ខ្ជាប់​នូវក្រម​សីលធម៌ និងវិជ្ជាជីវៈក្នុងការរួមចំណែកបង្កើនប្រសិទ្ធភាពសេវា សុខាភិបាលសម្រាប់បម្រើប្រជាពលរដ្ឋឱ្យ​កាន់​តែប្រសើរថែមទៀត៕
ដោយ៖សិលា សារិន

ads banner