សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_18-37-42-1024x681.jpg)
បរិវត្តកម្មឌីជីថលមិនគ្រាន់តែជាការតភ្ជាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្តល់ឱកាស និងប្រសិទ្ធភាពដល់ការអភិវឌ្ឍវិស័យសំខាន់ៗដូចជា វិស័យសុខាភិបាល, កសិកម្ម និងអប់រំ ដែលតាមរយៈបច្ចេកវិទ្យាឌីជីថល អាចតភ្ជាប់គម្លាតនៃការថែទាំសុខភាពរវាងតំបន់ទីក្រុង និងតំបន់ដាច់ស្រយាល ឬតាមរយៈឧបករណ៍ឌីជីថល អាចឱ្យកសិករចាប់យកវិធីសាស្ត្រអនុវត្តកម្មឆ្លាតវៃ, បង្កើនផលិតភាព និងចូលទីផ្សារដោយផ្ទាល់យ៉ាងឆាប់រហ័ស។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_18-37-45-1024x790.jpg)
រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដែលមានអាទិភាពគន្លឹះចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាពិសេស «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី ៤ ដោយបានកំណត់យកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ក្នុងបញ្ចកោណទី ៥ ដើម្បីចូលរួមជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កម្ពុជា ឆ្នាំ២០៥០ ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_18-37-32-1024x681.jpg)
ជាក់ស្តែង រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធាណៈ(FMIS) និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលជាច្រើនទៀត ដែលធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការងារ នៅក្នុងក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការកំណត់យកការផ្លាស់ប្តូររបៀបរបបការងារលើឯកសារក្រដាស ទៅជាការងារលើឯកសារអេឡិចត្រូនិកព្រមទាំងការផ្លាស់ប្តូរពីការស្នើសុំ និង ផ្តល់សេវាសាធារណៈដោយផ្ទាល់ ទៅជាការស្នើសុំ និងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល ដើម្បីធានាថា សេវាកម្មត្រូវបានផ្តល់ប្រកប ដោយប្រសិទ្ធភាព និងតម្លាភាព ចំណេញពេល មានភាពសាមញ្ញ និងភាពងាយស្រួល ហើយអាចចូលរួម កាត់បន្ថយការិយាធិបតេយ្យនិង អំពើពុករលួយ ៕
ដោយ ៖ វណ្ណលុក
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_18-37-36-1024x795.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_18-37-53-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_18-38-01-1024x681.jpg)