ដៃគូអភិវឌ្ឍន៍ ស្វីសខន់ថាក់ បានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គម តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
(រតនគិរី)៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ កម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣ ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារ D សាលាខេត្ត ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ងិន ណែល អភិបាលរងខេត្តរតនគិរី បានលើកឡើងថា ដៃគូអភិវឌ្ឍន៍ ស្វីសខន់ថាក់ បានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ សង្គម តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងផលិតអ្នកជំនាញបច្ចេកទេស ដែលមានផលិតភាពខ្ពស់ ដើម្បីបង្កើនផលិតភាពការងារ ចូលទៅក្នុងចង្វាក់ផលិតកម្ម ឧស្សាហកម្ម និង ការឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ សេដ្ឋកិច្ចឌីជីថល និងសង្គម និងសេដ្ឋកិច្ចបៃតង ឱ្យឆ្លើយ តបទៅនឹងទិសដៅអភិវឌ្ឍន៍ថ្នាក់ជាតិ និងខេត្ត សំដៅបំពេញនូវតម្រូវការកម្លាំងពលកម្ម និងលើកកម្ពស់ សេដ្ឋកិច្ច-សង្គម ។
ឯកឧត្តមបន្តថា កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) និងយន្តការគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត (PTB) បានជួយសម្រេច បានលទ្ធផលនូវ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនក្រុមគោលដៅមកពី គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសប្រមាណ ១,៥លាននាក់របស់រាជរដ្ឋាភិបាល កម្ពុជាផងដែរ ។
ឯកឧត្តម ងិន ណែល បានថ្លែងអំណរគុណដល់ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិ ការក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញ(១) ក្រោមជំនួយបច្ចេកទេសពីកម្មវិធីអភិវឌ្ឍន៍ជំនាញនៃដៃគូអភិវឌ្ឍន៍ស្វីស។ហើយដើម្បីជំរុញទិសដៅអភិវឌ្ឍន៍ សំដៅបំពេញនូវតម្រូវការកម្លាំងពលកម្ម និងលើកកម្ពស់សេដ្ឋកិច្ច-សង្គម ឯកឧត្តមក៏បាន ណែនាំឱ្យមន្ទីរជំនាញជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ អង្គភាពពាក់ព័ន្ធទាំងអស់ សូមចាត់ តំណាងរបស់ខ្លួន ចូលរួមជាមួយលេខាធិការដ្ឋាន នៃគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត(PTB) ដើម្បីគាំទ្រ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥លាននាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ។
សូមបញ្ជាក់ផងដែរថា កម្មវិធីអភិវឌ្ឍន៍ជំនាញ នៃស្វីសខន់ថាក់ បានចុះកិច្ចព្រមព្រៀងដំណាក់ទី៣ ដំណើរការគម្រោង ជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបាន អនុវត្តសាក ល្បងគម្រោងក្នុងឆ្នាំ២០២០ និងជាលទ្ធផលមជ្ឈមណ្ឌលទទួលបានសិស្សចុះឈ្មោះចូលរៀនក្នុង កម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សម្រេច បានលើសផែនការគ្រោងទុក (គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ សិស្សចូលរៀនសរុប៖ ៧១៥នាក់ ស្រី ៣០៤ នាក់,ជនជាតិដើមភាគតិច ៣៩៨នាក់ស្រី ២១៨នាក់ សិស្ស។ប្រឡងបញ្ចប់ការសិក្សាសរុបចំនួន ៥២៩នាក់ ស្រី ២៥២នាក់, ជនជាតិដើមភាគតិចចំនួន ៣១១នាក់ស្រី ១៦០នាក់ និងមានការងារធ្វើសរុបចំនួន ១៤៧នាក់ស្រី ៦៧នាក់, ជនជាតិដើមភាគតិច០៣នាក់។ បណ្តុះបណ្តាលតាមមន្ទីរ និងអង្គភាពពាក់ព័ន្ធចំនួន ៨ សរុប ២,៦០៨នាក់ស្រី១,៥៤១នាក់ ៕
ដោយ ៖ គតិ យុត្ត