ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្តេជ្ញាក្នុងការអនុវត្តឱ្យបានម៉ឺងម៉ាត់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែរីកចម្រើន
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្រសួងកសិកម្មបានដាក់ចេញការងារស្នូលចំនួន ១១ចំណុច លើការវិភាគមុខងាររួមមាន៖
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_16-19-32-1024x576.jpg)
(១)វិធានការសេដ្ឋកិច្ច ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ការសម្រួលខ្សែច្រវាក់តម្លៃរក្សាស្ថិរភាពថ្លៃ និងតម្រង់ទិសដល់កសិករ (២)ការផ្តល់បច្ចេកទេសកសិកម្ម និងការប្រមូលផល (៣)តម្រង់ទិសសម្រួលខ្សែច្រវាក់តម្លៃ (៤)ការស្រាវជ្រាវធាតុចូលកសិកម្ម (៥)ការគ្រប់គ្រងធាតុចូលកសិកម្ម (៦)ការគ្រប់គ្រងអនាម័យ និងភូតគាមអនាម័យ (៧)ការផ្តល់សេវាពិសោធន៍ធាតុចូលកសិកម្មផ្សេងៗ (៨)ការផ្តល់បច្ចេកទេសកែច្នៃបឋម (៩)ការគ្រប់គ្រងធនធានធម្មជាតិកសិកម្ម រួមមានធនធានដី ព្រៃឈើ សត្វព្រៃ និងបរិស្ថាន (១០)ការស្រាវជ្រាវ និងបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្ស និងជំនាញវិជ្ជាជីវៈកសិកម្ម (១១)ការគ្រប់គ្រងផលិតកម្មដៃគូ និងវិស័យឯកជន។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_16-19-35-1024x682.jpg)
ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះសេចក្តីព្រាងអនុក្រឹត្យនេះនឹងចេញជាផ្លូវការ ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្តេជ្ញាក្នុងការអនុវត្តឱ្យបានម៉ឺងម៉ាត់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែរីកចម្រើន និងអភិវឌ្ឍទៅមុខបន្ថែមទៀត និងជាគំរូមួយដ៏ល្អសម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធ ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_16-19-40-1024x682.jpg)
ឯកឧត្តម ឌិត ទីណា មានប្រសាសន៍លើកឡើងដូចនេះ ក្នុងកិច្ចប្រជុំពិភាក្សាអន្តរក្រសួងលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលាភូមិន្ទរដ្ឋបាល កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥។
កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្រោមការសម្របសម្រួលពីឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តំណាង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងបរិស្ថាន និងក្រសួងធនធានទឹក និងឧតុនិយម ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ និងផ្តល់យោបល់រៀបចំមុខងារ រចនាសម្ព័ន្ធ លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យបានសមស្របជាមួយនឹងគោលដៅរួមរបស់រាជរដ្ឋាភិបាល ៕
ប្រភព ៖ ក្រសួងកសិកម្ម
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_16-19-43-1024x576.jpg)