កែច្នៃកសិផលនៅមូលដ្ឋានជួយជំរុញទីផ្សារកសិកម្ម និងលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ

កំពត៖អ្នកប្រកប របរកែច្នៃកសិផល និងមន្ត្រីបច្ចេកទេសកសិកម្មក្នុង​ស្រុកទឺកឈូ ខេត្តកំពត បានបញ្ជាក់ថា របរកែច្នៃ​កសិផល​នៅមូលដ្ឋានជា​របរមួយសំខាន់ជួយគាំទ្រ និងជំរុញដល់ទីផ្សារកសិផលក្នុងស្រុកឱ្យ​មាននិរន្តរភាព និងផ្តល់​​នូវ​ទំនិញដែលមានគុណភាពសុវត្ថិភាព  ផ្តល់ផល​ល្អចំពោះសុខភាព និងជួយបង្កើនប្រាក់ចំណូលនៅ​ក្នុង​មូលដ្ឋាន។

 អ្នកស្រី នូ សោភា កសិកររស់នៅភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ បានប្រាប់ឱ្យដឹងថា នៅឆ្នាំ២០២៣ គាត់​និង​សមាជិកក្រុម៥នាក់ផ្សេងទៀត បានចូលរួមវគ្គបណ្តុះបណ្តាល គម្រោងពហុវិស័យសន្តិសុខស្បៀង និង​អាហារូបត្ថម្ភ របស់អង្គការ រ៉ាចា (RACHA)។ឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនេះអ្នកស្រី ក៏ចេះកែច្នៃចំណីអាហារ និងភេសជ្ជៈ​ជាង​១០​មុខ រួមមាន ទឹកសណ្តែកសៀង ទឹកសណ្តែកខៀវ ទឹកពោត ទឹកត្នោត ទឹកត្រាវ ទឹកស្ពៅ  យ៉ាអួ  ម្សៅចង្រិត ជ្រក់ស្ពៃ ជ្រក់​ត្រសក់ ជ្រក់ស្វាយ ជ្រក់ត្រប់ ដំណាប់ស្វាយ ចេកឆាប ស្រាស្វាយជាដើម។អ្នកស្រីក៏យក​ជំនាញ​នេះ​ធ្វើជាមុខរបរ រហូត​មកដល់បច្ចុប្បន្ន ។ចំណែកអ្នករួមក្រុម៥នាក់ផ្សេងទៀត បានបោះបង់ជំនាញនេះ ដោយងាកទៅធ្វើការងារផ្សេងៗ ដោយសារប្រាក់​កម្រៃ​ពីរបរកែច្នៃចំណីអាហារនេះ មិនទាន់មានទីផ្សារល្អ។ ប៉ុន្តែសម្រាប់អ្នក​ស្រី​នៅតែពេញចិត្ត ក្នុងការ​បន្តមុខរបរកែច្នៃកសិផលនេះ ដោយសារលោកស្រីគិត​ពីសុខភាពអ្នកទទួលទាន ច្រើនជាងប្រាក់ចំណេញ។ 

កសិករកែច្នៃកសិផលដដែលបានបញ្ជាក់ថា ជាធម្មតាមួយថ្ងៃអ្នកស្រីធ្វើ​ទឹកសណ្តែក ទឹកពោត ទឹកស្ពៅ ចន្លោះពី៦០ ទៅ៧០ដប លក់ឱ្យអ្នកភូមិ និងអ្នកទិញយកទៅលក់បន្ត។បន្ទាប់ពីពលរដ្ឋមានការយល់ដឹងច្រើនពី​បញ្ហាសុខភាព តម្រូវការ​ក៏ចាប់ផ្តើមកើនឡើងជាបណ្តើរៗ ធ្វើឱ្យប្រាក់កម្រៃ​ក៏មានការកើនឡើងផងដែរ។

លោក ម៉ី ភារ៉ា មន្ត្រីបច្ចេកទេសកសិកម្មឃុំកូនសត្វ បានលើកឡើងថា ការកែច្នៃកសិផល ជាការងារមួយសំខាន់​ដែលរូប​លោក​កំពុងតែខិតខំ​លើកទឹកចិត្តនិងជំរុញដល់កសិករ ដល់ពលរដ្ឋទូទៅឱ្យចេះកែច្នៃកសិផល និងគាំទ្រ ផលិតផល​កែច្នៃ​នៅមូលដ្ឋានរបស់ខ្លួន ព្រោះមានគុណភាពល្អ​ដល់សុខភាព ក៏ដូចជាជំរុញដល់ទីផ្សារកសិផល។

ជុំវិញរឿងនេះ លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូបានពណ៌នាថា រដ្ឋបាលស្រុកកំពុងតែយកចិត្តទុកដាក់និង​គិតគូរដើម្បីលើកកម្ពស់វិស័យ​កសិកម្ម និងជីវភាពរបស់កសិករឱ្យកាន់តែប្រសើរ។រដ្ឋបាលស្រុកនឹងបន្តជំរុញ និងគាំទ្រ​ដល់កសិករលើផ្នែកបច្ចេកទេសដាំដុះ ដើម្បីបង្កើនទិន្នផល និងបច្ចេក​ទេសកែច្នៃនៅមូលដ្ឋាន ដើម្បីអភិវឌ្ឍ និងប្រែក្លាយ​កសិកម្មនៅមូលដ្ឋាន​ឱ្យ​ក្លាយ​ទៅជាសហគមន៍ទំនើប។ លោកអភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ  សូមជួយគាំទ្រផលិត​ផល​កែច្នៃរបស់ស្រុកទឹកឈូ ៕
ដោយ៖ សិលា សារិន

ads banner