អភិបាលរាជធានីភ្នំពេញប្រាប់មន្ទីរសុខាភិបាលឱ្យបន្តការបាញ់ថ្នាំមូស
ភ្នំពេញ៖ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដែលប្រព្រឹត្តទៅនៅសាលារាជធានីភ្នំពេញនារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងចំណោមប្រធានបទជាច្រើនដែលលើកឡើងក្នុងកិច្ចប្រជុំ ការជំរុញយុទ្ធនាការបន្តបាញ់ថ្នាំមូសក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក៏ត្រូវបានដាស់តឿនដល់មន្ទីរសុខាភិបាលដែលជាមន្ទីរជំនាញឱ្យបន្តសកម្មភាពបន្ថែមទៀត ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_21-22-21-1024x682.jpg)
បញ្ជាក់ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព និងជាអភិបាលរាជធានីជំរុញឱ្យប្រធានមន្ទីរសុខាភិបាលរាជធានីឱ្យសហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ បន្តបាញ់ថ្នាំមូសដើម្បីសុខុមាលភាពប្រជាជន ។ឯកឧត្តមបញ្ជាក់ថា បើទោះបីរដ្ឋបាលរាជធានីភ្នំពេញបានបើកយុទ្ធនាការមួយលើករួចហើយ កាលពីដើមខែមករាកន្លងទៅ តែដោយសារឆ្នាំនេះ មូសច្រើនខុសពីធម្មតា ដូចនេះយើងបន្តការបាញ់ថ្នាំសម្លាប់មូសបន្ថែមទៀត។ ឯកឧត្តមប្រធានគណៈបញ្ជាការ បានណែនាំបន្ថែមថា ទន្ទឹមនឹងសកម្មភាពបាញ់ថ្នាំមូសជាក់ស្តែង ក៏ត្រូវជំរុញឱ្យមានការផ្សព្វផ្សាយនិងអប់រំឱ្យបានទូលំទូលាយ និងគ្រប់មធ្យោបាយពិសេសតាមបណ្ដាញទំនាក់ទំនងសង្គម
គ្រប់ប្រភេទ ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_21-22-23-1024x682.jpg)
ដោយឡែកទាក់ទងនឹងនៅថ្ងៃនៃក្តីស្រលាញ់ ១៤កុម្ភៈ ឯកឧត្តមណែនាំថា ក្នុងនាមអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ជូនប្រជាពលរដ្ឋ ពិសេសនៅគ្រប់កន្លែងសប្បាយភាពទាំងអស់នៅក្នុងរាជធានីភ្នំពេញ ៕
ដោយ ៖ហេង សម្បត្តិ+ថេត វិចិត្រ
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_21-22-26-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_21-22-31-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_21-22-34-1024x682.jpg)