ក្រសួងវប្បធម៌ដាក់ហ្រ្វាំងដល់យុវជន និងពលរដ្ឋដែលយល់តិចតួចពីអត្ថន័យ “ទិវានៃសេចក្តីស្រឡាញ់” ឱ្យស្វែងយល់ពីទិវានេះ

ភ្នំពេញ៖ខណៈថ្ងៃនៃសេចក្តីស្រឡាញ់ ១៤ កុម្ភៈ នឹងឈានមក​ដល់​នៅថ្ងៃសុក្រ​ក្នុងសប្ដាហ៍នេះ ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈបានចេញសេចក្តីអំពាវនាវ​ដល់យុវជននិងពលរដ្ឋមួយចំនួនតូចដែលនៅតែប្រព្រឹត្តិប្រាសចាកសេចក្តីថ្លៃថ្នូរនៅថ្ងៃនេះ ឱ្យសិក្សាស្វែងយល់អំពីឫសគល់ និងប្រភពពទិវានៃសេចក្តី​ស្រឡាញ់​”ឱ្យច្បាស់លាស់ចៀស​វាងប្រព្រឹត្តិ​អំពើមិនគប្បី ។

ក្នុងសេចក្តីអំពាវនាវនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៥​ក្រសួងវប្បធម៌​បានលើក​ឡើង​ថា​ទិវាពីបរទេសមួយដែលគេនិយម​ហៅថា”ទិវា នៃក្តីស្រឡាញ់” បាន​និង​កំពុងជ្រៀតចូលក្នុង សង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន ដោយ​ការ​​ទទួលយកព្រឹត្តិការណ៍នេះ បានស្តែងឡើងតាមរយៈសកម្មភាព នានា ដោយ​ឈរលើមនោសញ្ចេតនា​ស្រឡាញ់ដឹង​គុណ​ចំពោះមាតាបិតា អាណាព្យា​បាល​ គ្រូបាធ្យាយ ប្តី-ប្រពន្ធ មិត្តភក្តិ ប្រកបដោយភាពថ្លៃថ្នូរគួរជាទីគោរព និងកោតសរសើរ។ ជាមួយគ្នានេះ នាពេលកន្លងមកទោះជាមានការពន្យល់ ណែនាំ អំពាវនាវ ក៏យើងនៅសង្កេតឃើញមានសកម្មភាព​មួយចំនួន​តូចដែលត្រូវបានសង្គមវាយតម្លៃថាមិនគួរ កើតមាន ដោយសកម្មភាពទាំង​នោះផ្តល់ផលអវិជ្ជមានដល់បុគ្គលផ្ទាល់ផង និងដល់តម្លៃប្រពៃណី ទំនៀម​ទម្លាប់ អត្តសញ្ញាណជាតិផង។

ក្នុងសេចក្តីអំពាវនាវ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ការ​សិក្សាស្វែងយល់ឱ្យច្បាស់អំពីឫសគល់ និងប្រភព​នៃទិវានេះ គឺ ជាភាពចាំបាច់ ដើម្បីចៀសវាងការអនុវត្តខុស និងការបង្កនូវរូបភាពនិងបរិយាកាសសង្គមថ្មី ដែលខុសពីចរិត​លក្ខណៈដើម នៃសង្គម​កម្ពុជា​យើង ជាពិសេសសកម្មភាព​ជ្រួលជ្រើមហួសហេតុប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ដល់​សីលធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូរដល់បុគ្គលខ្លួនឯងនិងអ្នកដទៃ ព្រមទាំងសកម្មភាពទាំងឡាយ​ដែលបង្កផលប៉ះពាល់រយៈ ពេលវែងដល់អនាគតនៃបុគ្គលដែលបាន​ប្រព្រឹត្ត​ខុសគន្លង។

ទិវានៃក្តីស្រឡាញ់នៅកម្ពុជា គួរជាឱកាសមួយក្នុងការបង្ហាញអារម្មណ៍​មនោសញ្ចេតនា និងកាយវិការចែករំលែក ធានា​នូវក្តីស្រឡាញ់​ប្រកប​ដោយភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ចំពោះមនុស្សជាទីស្រឡាញ់នៅ​ជុំវិញ​ខ្លួនយើងជាអាទិ៖ ក្រុមគ្រួសារ ឪពុកម្តាយ ប្តីប្រពន្ធ កូនចៅ ញាតិមិត្ត និងគួរតែជាកាយវិការចែករំលែកទៅដល់ ជនពិការ កុមារកំព្រា និងអ្នកដែល​ស្ថិតក្នុង​ស្ថានភាពលំបាកផ្សេងទៀត ក្រោមរូបភាព សរសេរលិខិតជូនពរ ការជូនអំណោយផ្សេងៗ ការសំណេះសំណាល ឬការ​ទទួល​ទានអាហាររួមគ្នា ដោយក្តីសោមនស្សនិងការបន្សល់ទុកអនុស្សាវរីយ៍ល្អៗ។នេះជាចំណុច​សំខាន់មួយទៀតដែល​ក្រសួង​​វប្បធម៌បាន​គូសរំលេចនៅក្នុងសេចក្តី​អំពាវនាវរបស់ខ្លួន។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានអំពាវនាវដល់មាតា បិតា អាណា​ព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ ថ្នាក់ ជាពិសេសយុវជន សូមចូល​រួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរំឭកដល់ បងប្អូនកុ កូនចៅ ក្នុងគោលដៅ ប្រើប្រាស់​ទិវានេះឱ្យស្របតាមគន្លងប្រពៃណីដ៏ល្អ​ត្រកាល​របស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់បុគ្គលផ្ទាល់ខ្លួន របស់ក្រុម​គ្រួសារ ពិសេសចូលរួមថែរក្សាបាននូវអត្តសញ្ញាណជាតិ ដែលកូនខ្មែរគ្រប់ៗរូប​មាន​កាតព្វកិច្ចថែរក្សាការពារ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner