ពលរដ្ឋជាង ២ពាន់នាក់ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន បានមកដាក់ពាក្យស្នើសុំយកការដោះស្រាយពីអាជ្ញាធរ ខេត្តកំពត
កំពត៖ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ជាថ្ងៃបើកទទួលពាក្យស្នើសុំការដោះស្រាយដំបូងរវាងប្រជាពលរដ្ឋពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន ។ទន្ទឹមនឹងការចាប់ផ្តើមនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួបជាមួយប្រជាពលរដ្ឋដែលរងគ្រោះ និងបង្ហាញនូវយន្តការការដោះស្រាយជំហានទី១ ដល់ប្រជាពលរដ្ឋ។នៅថ្ងៃដដែលនាសាលមហាជន សាលាខេត្តកំពត មានប្រជាពលរដ្ឋជាង ២ពាន់នាក់បានមកដាក់ពាក្យស្នើសុំទទួលយកតាមដំណោះស្រាយរបស់អាជ្ញាធរខេត្ត។
ថ្លែងទៅកាន់ប្រជាពលរដ្ឋនាឱកាសនេះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា នៅខេត្តកំពតមានប្រជាពលរដ្ឋជាច្រើនគ្រួសារបានរងគ្រោះដោយសារការភូតកុហកពីសំណាក់ក្រុមហ៊ុន ជា សារ៉ន ។ក្នុងរឿងនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានគិតគូរជានិច្ច និងចង្អុលការដល់ក្រសួងយុត្តិធម៌ឱ្យធ្វើការស្រាវជ្រាវ រហូតឈានដល់ដាក់ចេញនូវយន្តការដោះស្រាយជំហានទី១នេះ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា សម្រាប់យន្តការជំហានទី១នេះ គឺសំដៅទៅលើបងប្អូនប្រជាពលរដ្ឋដែលបានទិញដីបង់លុយរួច ទិញតូបបង់លុយរួច ត្រូវធ្វើសំណើ និងសុំកាត់ប្លង់កម្មសិទ្ធិជូន ។ចំពោះអ្នកមិនទាន់បង់គ្រប់បន្តការបង់លុយចូលគណនីសាលាដំបូងខេត្តកំពត។
ឯកឧត្តមអភិបាលខេត្តបានពន្យល់ប្រជាពលរដ្ឋថា មុនថ្ងៃនៃការទទួលពាក្យស្នើសុំការដោះស្រាយពីប្រជាពលរដ្ឋ ក៏មានជនឆ្លៀតឱកាសមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងយន្តការដោះស្រាយនេះ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនមានភាពមិនច្បាស់លាស់ ។ដូច្នេះឯកឧត្តមស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមកសាលាខេត្តជួបក្រុមការងារដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានច្បាស់លាស់និងពិតប្រាកដ។
ប្រជាពលរដ្ឋដែលបានមកដាក់ពាក្យពាក្យស្នើសុំទទួលយកដំណោះស្រាយពីអាជ្ញាធរខេត្តកំពត ក៏បានសំដែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ និងគិតគូររកដំណោះស្រាយជូនពួកគាត់។ ទន្ទឹមនឹងនោះពួកគាត់ក៏ថ្លែងអំណរគុណដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងខេត្តដែលទទួលរងគ្រោះដោយសារក្រុមហ៊ុន ជា សារ៉ន ហើយឈានដល់មានដំណោះស្រាយនាពេលនេះ។
គួររំលឹកថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ នៅបរិវេណវត្តអង្គចន្ទចរិយា (វត្តអង្គល្បើក) ភូមិស្រែជ្រៅ ឃុំល្បើក ស្រុកឈូក ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធជាមួយក្រុមហ៊ុន ជា សារ៉ន ឯកឧត្តម ម៉ៅ ធនិន បានបង្ហាញពីយន្តការដោះស្រាយជំហានទី១ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសួងយុត្តិធម៌ និងប្រព័ន្ធតុលាកានិងបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរងគ្រោះពាក់ព័ន្ធនិងក្រុមហ៊ុន ជា សារ៉ន មកដាក់ពាក្យស្នើសុំការដោះស្រាយចំពោះករណីទិញដី ទិញតូប នៅសាលមហាជនសាលាខេត្តកំពត៕
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_11-32-00-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_11-32-11-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_11-32-09-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_11-32-02-1024x576.jpg)
ដោយ៖ សិលា សារិន