ក្រសួងបរិស្ថានថា ក្រុមហ៊ុន Win Ta Garment & Finishing មិនគោរពវិធានការរបស់ក្រសួងបរិស្ថាន លួចបង្ហូរទឹកកខ្វក់ចូលទៅក្នុងស្ទឹងព្រែកត្នោត

(ភ្នំពេញ)៖ក្រុមអ្នកជំនាញរបស់ក្រសួងបរិស្ថាន នៅថ្ងៃពុធទី​១២ ខែកុម្ភះ ឆ្នាំ២០២៥ បានបញ្ជាក់ពីការ​រកឃើញ រោងចក្រ​របស់ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. ដែលមានមូលដ្ឋាន​នៅ​ក្នុង​ភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គ​ស្នួល ខេត្តកណ្តាល បានបន្តលួចបង្ហូរសំណល់រាវមានពណ៌​និងមានក្លិន ចូល​ទៅ​ក្នុងស្ទឹងព្រែកត្នោត។

ក្រសួងបរិស្ថានបានឱ្យដឹងថា៖ ក្រុមហ៊ុននេះបានធ្វើការលួច​បង្ហូរ​សំណល់រាវបោកគក់ខោខៅប៊យ ចេញទៅក្រៅរោងចក្រ តាមរយៈបំពង់ទុយោពណ៌ខ្មៅ (អង្កត់ផ្ចិតទំហំ ០,៨០ម៉ែត្រ) បន្ទាប់មកហូរតាមចង្អូរប្រឡាយដីចូលទៅក្នុងស្ទឹងព្រែកត្នោត ដែលស្ថិតនៅចំណុច ផ្នែកខាងក្រោយទីតាំងក្រុមហ៊ុន (ដូច​មានរូបភាពជាវីដេអូ)។ ក្រុមការងារបានចុះ ពិនិត្យបន្ថែម នៅចំណុចទីតាំងបង្ហូរសំណល់រាវនេះ គឺក្នុងស្ទឹងព្រែកត្នោត ត្រង់ចំណុចបង្ហូរទឹកនៅមានក្លិនទឹកអូសាវែល និងមានពណ៌​ខៀវក្រម៉ៅខ្លះៗ។ តាមការឱ្យដឹងពីប្រជាពលរដ្ឋ ដែលរស់នៅ​ក្នុងតំបន់ទីតាំងក្រុមហ៊ុន បានឱ្យដឹងថា ភាគច្រើនក្រុមហ៊ុន​នេះ ធ្វើការបង្ហូរសំណល់រាវនៅពេលយប់។

ករណីលួចបង្ហូរសំណល់រាវ មិនបានឆ្លងកាត់អាងប្រព្រឹត្តិកម្ម​ត្រឹម​ត្រូវ​របស់រោងចក្រនេះ បានធ្វើឡើងនាពេលកន្លងមក ហើយត្រូវបានក្រុមការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន បានចុះពិនិត្យ និងបានចាត់វិធានការច្បាប់ ផ្អាកដំណើរការ​ផ្នែកផលិតកម្មរបស់ក្រុមហ៊ុន ដែលបង្កឲ្យមានការបញ្ចេញ​សំណល់រាវ ធ្វើឱ្យមានផលប៉ះពាល់ដល់ការប្រើប្រាស់ទឹក និងសុខភាពសាធារណៈ កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៥ ។

ក្នុងករណីនេះ ក្រសួងបរិស្ថានប្រកាសពីការនឹងចាត់វិធាន​ការ​តាមមាត្រា៨២៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner