ក្រសួងការងារ បញ្ជូនរថយន្តការងារចល័តរបស់ NEA ដើម្បី​ផ្តល់​ការងារថ្មី ជូនកម្មករនិយោជិត នៅមុខរោងចក្រដែលត្រូវ​បាន​អគ្គិភ័យឆាបឆេះ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ

(ភ្នំពេញ)÷ ក្រោយពេលកើតមានឧបទ្ទវហេតុអគ្គិភ័យឆាបឆេះ​រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី (FOREMART (CAMBODIA) CO., LTD.) ក្រសួងការងារ និង បណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈ នាថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៥នេះ បានបញ្ជូន​ក្រុម​ការ​ងារ​នៃមជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) ទៅកាន់មុខរោងចក្រភ្លាមៗ ដើម្បី​ផ្ដល់ព័ត៌មានការងារថ្មីថ្មី ជូនដល់កម្មករនិយោជិត។

លោកស្រី គល់ វណ្ណនីន ជាកម្មការិនីនៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូអិលធីឌី បានសំដែងក្ដីសោកស្ដាយជាខ្លាំងចំ​ពោះហេតុការណ៍ឆាបឆេះមួយនេះ។ ទន្ទឹមនេះដែរ លោកស្រី បានចូលរួមចុះឈ្មោះដាក់ពាក្យស្វែងរកការងារធ្វើនៅកន្លែងថ្មីភ្លាមៗផងដែរ តាមរយៈមជ្ឈមណ្ឌលការងារចល័តរបស់ NEA និង បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួង​ការងារ​ដែលជួយយកចិត្តទុកដាក់ខ្ពស់ពីទុក្ខលំបាករបស់កម្មករនិយោជិត ក្នុងហេតុការណ៍អគ្គិភ័យនេះផងដែរ ។

ទន្ទឹមនេះ លោក ជិន ខិ ជាអនុប្រធានមជ្ឈមណ្ឌលការងារ​រាជធានី​ភ្នំពេញ បានលើកឡើងថា ជាការឆ្លើយតបស្ថានភាព​ចំពោះមុខ និងដើម្បីជួយសម្រួលបញ្ហាប្រឈមភ្លាមៗ​របស់បង​ប្អូនកម្មករនិយោជិត ស្របតាម​ប្រសាសន៍របស់​ឯកឧត្តមរដ្ឋ​មន្ត្រី​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីតាំងរោង​ចក្រ​កើតហេតុផ្ទាល់ មន្រ្ដីនៃទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) គឺរង់ចាំជួយសម្រួលដល់ការចុះឈ្មោះ ស្វែង រកការ​ងារ​ធ្វើភ្លាមៗ ជូនបងប្អូនកម្មករនិយោជិត នៅមុខរោងចក្រនេះ​តែម្តង ពោលគឺចាប់ពីម៉ោង៨ ព្រឹករហូតដល់ ម៉ោង៥ល្ងាច ។ បន្ថែមពីនេះទៀត លោកបានអំពាវនាវឱ្យកម្មករនិយោជិតទាំង​អស់​នៃរោងចក្រដែលត្រូវបានអគ្គិភ័យឆាបឆេះ ប្រញ៉ាប់ចុះ​ឈ្មោះ​ស្វែង​រកការងារធ្វើកន្លែងថ្មី តាមរយៈមជ្ឈមណ្ឌល ការ​ងារ​ចល័តនៃទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) ដែលមានមន្រ្ដីរង់ចាំ ចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗ ជូន បងប្អូនកម្មករ​និយោជិត នៅមុខរោងចក្រនេះតែម្តង។

គួរបញ្ជាក់ថា កាលពីល្ងាច ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៨:៣០នាទីល្ងាច មានករណីអគ្គិភ័យឆាបឆេះ រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី (FOREMART (CAMBODIA) CO., LTD.) ដែលមានទីតាំងស្ថិតភូមិអន្លង់​គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានកម្មករ​និយោជិតបម្រើការងារសរុប ៤៦៦នាក់ (ស្រី៣១០នាក់)។

ក្រោយឧបទ្ទវហេតុអគ្គីភ័យឆាបឆេះនេះកើតឡើង នាព្រឹកថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី​ក្រ​សួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះជួបជាមួយ​បងប្អូន​កម្មករនិយោជិត និងពិនិត្យមើលស្ថានភាព នៅរោង​ចក្រ​ផ្ទាល់ ដោយឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួង​ការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងយកចិត្តទុកដាក់​ចំពោះ​សុខទុក្ខរបស់បងប្អូនកម្មករនិយោជិត នៃសហគ្រាស ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលអាចត្រូវការដំណើរការសាងសង់​ឡើងវិញ ក្នុងរយៈពេល ៤ខែ ដូចនេះសូមបងប្អូនកម្មករនិយោ​ជិត​ស្វែងរកការងារថ្មី តាមរយៈ មជ្ឈមណ្ឌលការងារចល័ត​របស់ NEA ដោយមានក្រុមកាងាររង់ចាំចុះឈ្មោះជួយ​ស្វែង​រកការងារធ្វើភ្លាមៗ ជូនបងប្អូនកម្មករនិយោជិត នៅមុខរោង​ចក្រនេះតែម្តង។ បន្ទាប់ពីរោងចក្រសាងសង់រួចរាល់ឡើងវិញ បងប្អូនក៏អាចពិចារណាក្នុងការវិលត្រឡប់ចូលមកធ្វើការងារវិញបានផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner