រដ្ឋបាលខេត្តកំពង់ចាមប្រារព្ធ បុណ្យមាឃបូជា ទ្រង់ទ្រាយធំនៅប្រាសាទនគរបាជ័យ
កំពង់ចាម៖ កាលនៅរាត្រីថ្ងៃពុធ ១៥កើត ពេញបូណ៌មី ខែមាឃ ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ជាតំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានអញ្ចើញចូលរួមប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តនគរបាជ័យ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម។
បុណ្យ មាឃបូជា គឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា។ ពិធីនេះ ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់។
ការប្រារព្ធពិធីបុណ្យ មាឃបូជា នេះឡើងគឺដើម្បីប្រារព្ធនូវព្រឹត្តិការណ៏ធំៗ៣គឺ៖១- ដើម្បីប្រារព្ធនូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន,២- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខនិង៣- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ។
ប្រយោជន៍នៃថ្ងៃមាឃបូជាគឺ៖១.ពុទ្ធសាសនិកជនបានយល់ដឹងយ៉ាងត្រឹមត្រូវ ដល់សារៈសំខាន់នៃថ្ងៃមាឃបូជានេះ។២. យល់ដឹងគោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា។៣. បណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។៤. បានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជន ក្នុងថ្ងៃមាឃបូជានេះ។៥.បានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឱ្យស្ថិតស្ថេរចេរកាលយូរអង្វែង។
សូមជម្រាបថា ប្រាសាទនគរបាជ័យ ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ ចំណុះដោយភូមិជង្ហុក និងភូមិអំពិលឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ប្រាសាទនេះ ត្រូវបានដូនតាខ្មែរកសាងពីថ្មបាយក្រៀម និងថ្មភក់ នាសម័យព្រះបាទជ័យវរ្ម័នទី៧៕
ដោយ៖លី ពៅ






