រុស្ស៊ីសំងំផលិតម៉ាស៊ីនរ៉ុកកែតល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយវិនាទី ៣០ ថ្ងៃហោះដល់ភពអង្គារ

មូស្គូ ៖ អ្នកវិទ្យាសាស្ត្ររុស្ស៊ីមកពីក្រុមហ៊ុន Rosatom បានប្រកាសពីការអភិវឌ្ឍន៍ម៉ាស៊ីនរ៉ុក្កែតអគ្គិសនីប្លាស្មា ដែលអាចបញ្ជូនយានអវកាសទៅកាន់ភពអង្គារ ចាយពេលត្រឹមតែមួយទៅពីរខែប៉ុណ្ណោះ ជាមួយនឹងល្បឿន ១០០គីឡូម៉ែត្រក្នុងមួយវិនាទី។

មិនដូចម៉ាស៊ីនរ៉ុក្កែតប្រពៃណីដែលពឹងផ្អែកលើការប្រើប្រាស់ចំហេះឥន្ធនៈឡើយ ប្រព័ន្ធជំរុញប្រកបដោយភាពច្នៃប្រឌិតថ្មីនេះ ប្រើប្រាស់ឧបករណ៍បង្កើនល្បឿនប្លាស្មាម៉ាញេទិក ដែលវានឹងកាត់បន្ថយពេលវេលាធ្វើដំណើរច្រើនចេញពីភពផែនដីទៅភពនានានៅទីអវកាស។

ការធ្វើដំណើរកាន់តែលឿនជាងមុនទៅកាន់ភពអង្គារ មិនត្រឹមតែបង្កើនប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយហានិភ័យ ដែលទាក់ទងជាមួយការប៉ះពាល់យូរទៅនឹងសារធាតុវិទ្យុសកម្មលោហធាតុ សម្រាប់អវកាសយានិកផងដែរ។

គំរូមន្ទីរពិសោធន៍នៃម៉ាស៊ីនរ៉ុក្កែតអគ្គិសនីប្លាស្មានេះ ត្រូវបានបង្កើតឡើងរួចហើយ នៅវិទ្យាស្ថាន Troitsk នៃក្រុមហ៊ុន Rosatom។

ហើយគំរូម៉ាស៊ីននេះ នឹងត្រូវឆ្លងកាត់ការធ្វើតេស្តនៅលើដីយ៉ាងទូលំទូលាយជាមុនសិន ដើម្បីកែលម្អរបៀបប្រតិបត្តិការរបស់ខ្លួន និងត្រួសត្រាយផ្លូវសម្រាប់ការបង្កើតគំរូហោះហើរ ដែលរំពឹងទុកថា នឹងរួចរាល់នៅឆ្នាំ ២០៣០។

ហើយបច្ចេកវិទ្យានេះទៀតសោត ក៏អាចត្រូវបានដាក់បញ្ចូលទៅក្នុងយានអវកាស ដែលប្រើសម្រាប់ដឹកជញ្ជូនទំនិញរវាងភពផែនដី និងភពនានានៅទីអវកាសផងដែរ៕

ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner