ចិនប្រមូលជើងខ្លាំងខាងអវកាសមកបញ្ចៀសអាចម៍ផ្កាយកុំឲ្យហោះបុកផែនដី
ប៉េកាំង ៖ ទីភ្នាក់ងារការពារជាតិចិនកំពុងជ្រើសរើសអ្នកស្រាវជ្រាវអវកាស ចំពេលមានការព្រួយបារម្ភខ្ពស់ថា អាចម៍ផ្កាយដ៏ធំមួយ ដែលមានឱកាស ២.២ភាគរយ នឹងហោះបោះពួយមកបំបុកភពផែនដីនៅឆ្នាំ ២០៣២។
ប្រទេសចិនបានចាប់ផ្តើមប្រមូលផ្តុំក្រុមការពារភពផែនដី ដើម្បីទប់ទល់នឹងការគំរាមកំហែងពីអាចម៍ផ្កាយដែលកំពុងហោះនៅជិតភពផែនដី បន្ទាប់ពីអ្នកវិទ្យាសាស្រ្តរកឃើញថា អាចម៍ផ្កាយដ៏ធំមួយនេះ អាចនឹងវាយប្រហារភពផែនដីក្នុងពេល ៧ឆ្នាំទៀត។
កាលពីថ្ងៃសុក្រថ្ងៃទី៧ ខែកុម្ភៈ ទីភ្នាក់ងារអវកាសអឺរ៉ុប ហៅកាត់ (ESA) បានរកឃើញថា អាចម៍ផ្កាយដ៏ធំមួយឈ្មោះថា 2024 YR4 មានមុខកាត់ពី ៤០ម៉ែត្រទៅ ៩០ម៉ែត្រ អាចនឹងហោះបុកភពផែនដីនៅឆ្នាំ ២០៣២ ដោយដាក់វានៅចំនុចកំពូលនៃបញ្ជីហានិភ័យរបស់ទីភ្នាក់ងារនេះ។
សារព័ត៌មាន Daily Mail បានចេញផ្សាយថា ប្រព័ន្ធត្រួតពិនិត្យផលប៉ះពាល់ផែនដី «Sentry» របស់អង្គការ NASA បានរកឃើញថា បើធ្លាក់ចំផែនដីមែននោះ អាចម៍ផ្កាយដែលមានរហ័សនាម “អ្នកពិឃាដទីក្រុង” មួយនេះ អាចបុកចំតំបន់លាតសន្ធឹងចាប់ពីអាមេរិកខាងត្បូង ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ទៅដល់អនុតំបន់សាហារ៉ាអាហ្វ្រិក។
យោងតាមការប៉ាន់ស្មានបានឱ្យដឹងថា អាចម៍ផ្កាយនេះ នឹងបង្កការបំផ្លិចបំផ្លាញដ៏មហន្តរាយធំធេង ប្រសិនបើវាធ្លាក់ចំតំបន់មានប្រជាជនរស់នៅច្រើន ឬទីក្រុងធំៗមែន ព្រោះថា វាមានកម្លាំងផ្ទុះស្មើនឹងគ្រាប់បែក TNT ៥០លានតោនឯណោះ។
យ៉ាងណា ក្រុមអ្នកវិទ្យាសាស្រ្ត NASA បានទទូចដល់គ្រប់គ្នាកុំមានការព្រួយបារម្ភ ដោយសារទីភ្នាក់ងារអវកាសអាមេរិកមួយនេះ កំពុងតាមដានអាចម៍ផ្កាយ 2024 YR4 យ៉ាងយកចិត្តទុកដាក់ ហើយកំពុងធ្វើការងារ ដើម្បីធានាថា អាចម៍ផ្កាយនេះ នឹងមិនបុកផែនដីឡើយ៕
ប្រភព ៖ Channel News Asia ប្រែសម្រួល ៖ ឈឹម ទីណា