«បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ» កំពុងបំពេញតម្រូវការអំពីឱកាសការងារ និងជំនាញសិក្សា ដល់សិស្ស និស្សិត នៃវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា(CGTI)

(ភ្នំពេញ)៖ វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា(CGTI) ដែលផ្តល់ការបណ្តុះបណ្តាលជំនាញនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌដំបូងគេនៅកម្ពុជា កំពុងចូលរួមជំរុញការផ្សព្វផ្សាយ អំពី បញ្ជរសេវាសាធារណៈចល័ត របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់សិស្ស និស្សិត និងដៃគូពាក់ព័ន្ធរបស់ខ្លួនឱ្យបានកាន់តែទូលំទូលាយ ។

លោកស្រី ម៉ុញ ទឹមសុរដ្ឋា នាយិការងនិងជាប្រធានផ្នែកកម្មវិធី នៃវិទ្យាស្ថាន CGTI បានបញ្ជាក់ថា CGTI ក្នុងនាមជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលពាក់ព័ន្ធវិស័យកាត់ដេរ ពេញចិត្តជាខ្លាំងចំពោះភាពងាយស្រួលក្នុងការប្រើប្រាស់មុខងារនានានៅក្នុងបញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រោះថាតាមរយៈបញ្ជរសេវាសាធារណៈចល័តនេះ បានផ្ដល់នូវអត្ថប្រយោជន៍និងជួយសម្រួលការងារជាច្រើនដល់វិទ្យាស្ថានពាក់ព័ន្ធនឹងសេវាជ្រើសរើសបុគ្គលិក ពិសេសគឺសិស្ស និស្សិត ដែលកំពុងសិក្សា នឹងកាន់តែមានភាពងាយស្រួល លឿនរហ័ស មានឱកាសខ្ពស់ក្នុងការស្វែងរកការងារធ្វើ និងទទួលបានព័ត៌មានពិតប្រាកដ និងអាចជឿជាក់បំផុត។ លោកស្រីលើកឡើងថា វិទ្យាស្ថាន CGTI នឹងចូលរួមជំរុញការផ្សព្វផ្សាយអំពី បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់សិស្ស និស្សិត និងដៃគូពាក់ព័ន្ធនានា របស់ខ្លួនឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ។

យុវជន ហូ ហិរិ ជាសិស្សនៃវិទ្យាស្ថាន CGTI ដែលកំពុងសិក្សាលើជំនាញ វិស្វកម្ម ឧស្សាហកម្ម សូមអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារ ដែលបានផ្ដួចផ្ដើមបង្កើតបញ្ជរសេវាសាធារណៈចល័តនេះឡើង ព្រោះពិតជាផ្ដល់ផលប្រយោជន៍ និងភាពងាយស្រួលណាស់សម្រាប់រូបគាត់ផ្ទាល់ ក្នុងការដាក់ពាក្យស្វែងរកការងារធ្វើ លើមុខជំនាញដែលគាត់កំពុងសិស្សាស្រាប់ ពិសេសតាមរយៈបញ្ជរសេវាសាធារណៈចល័តនេះ មានក្រុមហ៊ុនសម្បូរបែប ច្បាស់លាស់ និងជឿទុកចិត្តបាន ។

យុវតី ជា ចាន់រចនា ជាសិស្សនៃវិទ្យាស្ថាន CGTI ក៏បានលើកឡើងដែរថា តាមរយៈការស្កែន QR Code នៅលើ «បញ្ជរសេវាសាធារណៈចល័ត» គឺកាន់តែងាយស្រួលប្រើប្រាស់តាមរយៈទូរសព្ទដៃ ដោយកញ្ញាអាចស្វែងរកព័ត៌មានស្វែងរកការងារធ្វើ និងព័ត៌មានអំពីជំនាញបណ្ដុះបណ្ដាលបន្ថែមទៀតកាន់តែលឿនរហ័ស ផងដែរ ។

បន្ថែមពីនេះ យុវតី ជា ចាន់រចនា ក៏បានអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្ដួចផ្ដើមបង្កើតឱ្យមានបញ្ជរសេវាសាធារណៈចល័តនេះឡើង ដែលជាឧបករណ៍មួយប្រមូលផ្តុំនូវព័ត៌មានសំខាន់ៗផ្លូវការ អាចទុកចិត្តបាន និងការផ្តល់សេវាកម្មទាន់ពេលវេលាជូនដល់សាធារណជនគ្រប់រូបបានដឹង បានយល់ បានជ្រាប បានត្រៀមខ្លួន និងចាប់យកឱកាសភ្លាមៗ ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner