រដ្ឋបាលខេត្តកណ្ដាល បានផ្ដល់សេចក្តីស្រឡាញ់ និងស្នាមញញឹមដល់កុមារពិការភាព
(ខេត្តកណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល បានផ្ដល់នំភីហ្សា (pizza)ជូនទៅដល់កុមារញ៉ាំដោយស្នាមញញឹម និងក្តីរីករាយក្នុងថ្ងៃនៃ សេចក្តីស្រឡាញ់ នៅអង្គការសាមគ្គីធម៌ម៉ារីស្តកម្ពុជា និងសាលាកុមារពិការឡាវ៉ាឡា ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
កម្មវិធីនេះរៀបចំឡើងដោយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ ក្នុងឱកាសទិវាសេចក្តីស្រឡាញ់ ១៤ កុម្ភៈ ឆ្នាំ២០២៥នេះ ។
ឯកឧត្ដម គួច ចំរើន បានថ្លែងថា ជារៀងរាល់ឆ្នាំក្នុងឱកាសនៃបុណ្យសេចក្តីស្រឡាញ់ តែងតែផ្ដល់ជូនទៅដល់ក្មួយៗ ក្នុងការជួបជុំដោយភាពរីករាយ ទោះក្មួយៗស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ សង្គមនេះមានការគោរពស្រឡាញ់ និង នឹករលឹកចំពោះក្មួយៗទាំង គ្រប់ៗគ្នា ពិសេសការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា តែងរំលឹកដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ឲ្យគិតគូរយកចិត្តទុកដាក់ចំពោះប្រជាជន និងផ្ដល់ភាពកក់ក្ដៅ ។
ជាមួយគ្នានេះដែរ គណៈប្រតិភូ បានផ្ដល់ជូនក្មួយៗ នំភីហ្សា ភ្លៅមាន់បំពង ទឹកសុទ្ធ ១៥កេស ទឹកដោះគោកូនក្មេង ១០កេស ឧបត្ថម្ភថវិកាដល់អង្គការ ១០លានរៀល និងអ្នកគ្រូលោកគ្រូ ៤៥នាក់ក្នុងម្នាក់ៗ ២០ម៉ឺនរៀល កុមារ ១៤៣នាក់ ក្នុងម្នាក់ៗ ២ម៉ឺនរៀល ៕
ដោយ ៖ ង៉ាន់ ទិត្យ











