អ្នករត់ជាង ៦០០ នាក់រួមគ្នារត់ដើម្បីគាំទ្រការអប់រំសម្រាប់កុមារដែលខ្វះឱកាស ក្នុងព្រឹត្តិការណ៍ Neak Run For Children’s Future
(ភ្នំពេញ)៖ ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ ដែលរៀបចំដោយក្លឹបរត់នាគ ក្រោមប្រធានបទ Neak Run For Children’s Future ទាក់ទាញបានអ្នករត់ជាសប្បុរសជនប្រមាណជា៦០០នាក់ នាព្រឹកថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២៥ នៅក្នុងបុរីប៉េងហួត បឹងស្នោ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។

លោក Christopherដែលជាស្ថាបនិកក្រុមរត់នាគ (Neak Running Club) បានគូសបញ្ជាក់ថា នេះជាការរៀបចំលើកទី១ ដែលលោកបានរៀបចំក្នុងគោលបំណងរៃអង្គាសប្រមូលថវិកាសប្បុរសធម៌ជួយទៅដល់ការអប់រំរបស់កុមារខ្វះខាតដែលកំពុងទទួលបានការអប់រំបណ្តុះបណ្តាលក្នុងអង្គការផ្កាយសមុទ្រកម្ពុជា។

លោក អះអាងទៀតថា អ្វីដែលជំរុញឱ្យលោកឈានទៅផ្តួចផ្តើមបង្កើតជាកម្មវិធីរត់ដើម្បីសប្បុរសនេះ គឺបានកើតឡើងអំឡុងគ្រាមួយដែលលោកបានរត់កាត់មុខព្រះបុរមរាជរាំង លោកបានមើលឃើញក្មេងខ្វះខាតលក់ផ្កា ដើម្បីបានប្រាក់ជួយគ្រួសារ ដោយមិនបានរៀនសូត្រទទួលបានចំណេះដឹងដូចកុមារមានទីពឹងមានឳពុកម្តាយមើលថែនោះ ទើបធ្វើឱ្យលោកជាយុវជនមានការតាំងចិត្ត បង្កើតកម្មវិធីរត់សប្បុរសធម៌ដើម្បីរៃអង្គាសថវិកាជួយដល់ការអប់រំរបស់ក្មេងៗខ្វះខាតនៅក្នុងអង្គការផ្កាយសមុទ្រ។

លោក សង្ឈឹមជឿជាក់ថា ការចូលរួមជួយពីសំណាក់សបុរសជន នឹងជួយឱ្យកុមារខ្វះខាតនៅក្នុងអង្គការផ្កាយសមុទ្រទទួលបានសម្ភារៈសិក្សារៀនសូត្រ ទទួលបាននូវអនាគតភ្លឺស្វាងរួចចាកផុតពីភាពក្រីក្រ។
លោកថា ការរៀបចំលើកទី១នេះ មានអ្នកចូលរួមរត់៦០០នាក់នេះ គឺជាជោគជ័យដែលលោកមិននឹកស្មានដល់ឡើយ។ ការចូលរួមរបស់សប្បុរសជនដ៏ច្រើននេះ បានជំរុញលើកទឹកចិត្តឱ្យលោកដែលជាអ្នករៀបចំ និងបង្កើតព្រឹត្តិការណ៍រត់ដូចគ្នានេះ នៅឆ្នាំក្រោយកាន់តែធំ ដើម្បីទទួលបានថវិកាសប្បុរសធម៌កាន់តែច្រើនយកទៅជួយដល់កុមារខ្វះទទួលបានការអប់រំកាន់តែប្រសើរ ។

ដោយឡែក លោកស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិអង្គការផ្កាយសមុទ្រថា កម្មវិធីរត់ដែលបានបង្កើតឡើងដោយ Neak Running Clubនេះ មិនត្រឹមតែជួយសុខភាពអ្នករត់ប៉ុណ្ណោះនោះទេ ពោលបានចែករំលែកនូវក្តីស្រលាញ់ចំពោះកុមារខ្វះខាតនៅក្នុងអង្គការផ្កាយសមុទ្រផងដែរ។ តាមរយៈការបរិច្ចាគថវិកាសប្បុរសធម៌ពីសំណាក់អ្នករត់ចំនួន៦០០នាក់។ ថវិកាទាំងនេះ និងនាំយកទៅផ្គត់ផ្គងជាសម្ភារៈសិក្សាមានដូចជាសៀវភៅ ខោអាវ កង់ជាដើម។ ការជួយទាំងនេះ និងជួយកែប្រែជីវិតរបស់ក្មេងៗទទួលបានការអប់រំខ្ពស់ និងមានអនាគតភ្លឺស្វាងនាពេលអនាគត ។
សូមបញ្ជាក់ថា ថវិការៃអង្គាសទាំងអស់ដែលត្រូវបានប្រមូលឡើងនៅក្នុងកម្មវិធីរត់នាគមួយនេះនឹងរួមចំណែកដល់ការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សង្គម ដោយ គ្រប់អ្នករត់ អ្នកឧបត្ថម្ភ និងអ្នកជួយគាំទ្រទាំងអស់គឺសុទ្ធតែបានចូលរួមចំណែកជួយទៅដល់កុមារដែលខ្វះខាតឱកាសឲ្យទទួលបាននូវការអប់រំមួយដែលសមរម្យ។ កម្មវិធី អប់រំពន្លឿន (Catch-up Education) របស់ អង្គការផ្កាយសមុទ្រ នឹងត្រូវទទួលបានផលប្រយោជន៍ពីប្រាក់រៃអង្គាសនៃកម្មវិធីរត់មួយនេះ ក្នុងគោលដៅគាំទ្រដល់កុមារដែលបានបោះបង់ចោលការសិក្សារ ឬកំពុងតែងាយរងគ្រោះ ឲ្យបានចូលរៀន និងតាមទាន់កុមារដទៃទៀតដែលមានវ័យប្រហាក់ប្រហែលគ្នា និងដើម្បីអាចកសាងអនាគតដល់ត្រចះត្រចង់មួយ ដែលនឹងជួយបំបែកនៅវដ្តនៃភាពក្រីក្រ នៅកម្ពុជាផងដែរ ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ
