ប្រកួតកីឡាវាយពានរង្វាន់ខ្លាឃ្មុំទឹកកក គោលដៅចម្បង គឺសុខភាព និងមិត្តភាពសាមគ្គីភាព
(ភ្នំពេញ)៖ព្រឹត្តិការណ៍ការប្រកួតកីឡាវាយសីមិត្តភាពពានរង្វាន់ខ្លាឃ្មុំទឹកកកលើកទី១ ដែលប្រព្រឹត្តិទៅរយៈពេល១ថ្ងៃ ក្រោមវត្តមាន ឯកឧត្តម គី តិច ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និង ឯកឧត្តម ឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ចប់ទៅដោយជោគជ័យជាមួយនិងមិត្តភាពសាមគ្គីភាព។
លោក ឧកញ៉ា អ៊ឹម ភាន់ សុផល ប្រធានក្រុមកីឡាវាយសីខ្លាឃ្មុំទឹកកក មានប្រសាសន៍ថា នេះជាការប្រកួតលើកទី១ របស់ក្រុមខ្លាឃ្មុំទឹកកកបន្ទាប់ពីដំណើរការបង្កើតក្រុមនេះឡើង ។ លោកថា ក្រុមខ្លាឃ្មុំទឹកកកនេះ បានបង្កើតឡើងដោយមានសមាសភាពកីឡាករចំរុះ គឺមានមន្រ្តីរាជការរបស់រាជរដ្ឋាភិបាល និងវិស័យឯកជនរួមច្របាច់បញ្ចូលគ្នា ក្នុងគោលបំណងបង្កើតជាសាមគ្គីភាព និងមិត្តភាព។
លោកឧកញ៉ា បានគូសបញ្ជាក់ទៀតថា ការប្រកួតនេះបានបង្កើតឡើងដោយមានកិច្ចសហការគ្នារវាងក្រុមខ្លាឃ្មុំទឹកកក និងក្លឹបវាយសីរ៉ាក់សា ដោយមានសមាភាពកីឡាករទាំងពីរខាងលើប្រកួតប្រជែងគ្នាដណ្តើមយកពានរង្វាន់មិត្តភាព។
លោក ឧកញ៉ា បានរំលិចទៀតថា សម្រាប់ការប្រកួតកីឡាវាយសីខ្លាឃ្មុំទឹកកកលើកទី១នេះ ទិសដៅចម្បងរបស់ក្រុមទាំងមូលគឺផ្តោតសំខាន់លើការទំនាក់ទំនងបង្កើតបានជាមិត្តភាព សាមគ្គីភាព និងរក្សានូវសុខភាព ព្រោះកីឡាជួយឱ្យសុខភាពរឹងមាំជៀសផុតពីជំងឺផ្សេងៗ ហើយ ក៏ជាការចូលរួមបំផុសឱ្យយុវជនគ្រប់វ័យមើលឃើញពីសារៈសំខាន់នៃកីឡាវាយសីដែលបានផ្តល់អត្ថប្រយោជន៍ខ្លាំងសម្រាប់សុខភាព។ជាមួយគ្នានេះផងដែរ ការប្រកួតនេះក៏ជាការចូលរួមផ្សព្វផ្សាយបំផុតសកម្មភាពកីឡាវាយសីឱ្យកាន់តែផុសផុលនៅទូទាំងប្រទេស ដើម្បីឱ្យយុវជនងាកមកលេងកីឡាវាយសីក្លាយជាធនធានសក្កានុពលសម្រាប់ជាតិជាជម្រើសរបស់រាជរដ្ឋាភិបាលជ្រើសរើសយកមកហ្វឹកហាត់បំប៉នត្រៀមតំណាងជាតិចូលរួមប្រកួតលើឆាកអន្តរជាតិ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គី តិច បានកោតសសើរនិងវាយតម្លៃខ្ពស់ ចំពោះសមាជិកក្រុមខ្លាឃ្មុំទឹកកកទាំងមូល ដែលបានបង្កើតជាពានរង្វាន់នេះឡើង ព្រោះកីឡាបានចូលរួមកសាងនូវទំនាក់ទំនងបង្កើតបានជាមិត្តភាពសាមគ្គីភាពដែលជាមូលដ្ឋានឈានទៅសាងនូវភាពសុខដំរមនាការរស់នៅដោយមានអាធ្យាស្រាយនិងយោគយល់គ្នា។
ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសុំណូមពរឱ្យក្រុមវាយសីខ្លាឃុំទឹកកកកៀគរពង្រីកសមាជិកចូលរួមនៅក្នុងក្រុមបានចំនួនច្រើនបន្ថែមទៀត ដើម្បីក្លាយជាគំរូសម្រាប់ក្មេងៗសិស្សនិស្សិតជំនាន់ក្រោយចាប់យកកីឡាវាយសីមកលេងដើម្បីសុខភាព និងអភិវឌ្ឍខ្លួនក្លាយជាកីឡាករមានសក្កានុពលសម្រាប់ជាជម្រើសរបស់ជាតិនាពេលអនាគត។
ឯកឧត្តម បានសម្តែងនូវការចូលរួមអបអរសាទរចំពោះកីឡាករឈ្នះបានជ័យលាភី ហើយចូលរួមអបអរសាទរកីឡាករមិនទទួលបានជ័យលាភី បន្តែឈ្នះបានសុខភាព ៕
អត្ថបទ ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ







