រោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុន KRR Processing Food Co., Ltd. បានបង្ហូរសំណល់រាវ​ចូល​ប្រភពទឹកធម្មជាតិនៅក្នុងខេត្តកំពង់ស្ពឺ

(ភ្នំពេញ)៖ ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន ដោយ​មាន​ការ​ចូលរួមពី តំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ រដ្ឋបាល​ស្រុកភ្នំស្រួច និងអាជ្ញាធរឃុំយាយម៉ៅពេជ្រនិល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានរកឃើញថារោងចក្រផលិតដំណាប់​ស្វាយ របស់ក្រុមហ៊ុន KRR Processing Food Co., Ltd. បានបង្ហូរសំណល់រាវចូលទៅក្នុងប្រភពទឹកសាធារណៈ គឺស្ទឹង​សែនជ័យ ដែលភ្ជាប់ទៅស្ទឹងស្រែខ្លុង ស្ថិតនៅ ឃុំយាយម៉ៅ​ពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រ​សួង​បរិស្ថាន ដែលបានចុះពិនិត្យជាមួយក្រុមការងារ បានឱ្យ​ដឹង​ថា នៅក្រៅទីតាំងរោងចក្រ ក្រុមការងារបាន​ពិនិត្យឃើញ​ថា ₋ នៅក្នុងប្រឡាយដីស្ថិតនៅចំហៀងខាងកើត និងខាង​ក្រោយ​អគារ​រោងចក្រ ឃើញមានស្នាមទឹកសំណល់រាវ ហូរ​ចូល​ទៅក្នុងស្ទឹងសែនជ័យ ចាប់ពីចំណុចក្រោយទីតាំង​រោង​ចក្រ រហូតដល់ចំណុចស្ពានសែនជ័យ (ចម្ងាយពីរោងចក្រ​ប្រមាណ ៣០០ម) បន្ទាប់មក ក្រុមការងារបានយក​សំណាក​ទឹក នៅតាមដងស្ទឹងសែនជ័យចំនួន៣ ទីតាំង មកធ្វើការវិភាគ​នៅមន្ទីរពិសោធន៍។ តំណាងប្រជាពលរដ្ឋ និងអាជ្ញាធរមូល​ដ្ឋាន បានឱ្យដឹង ដូចគ្នាថា ក្រុមហ៊ុនមានការបង្ហូរសំណល់រាវ ចេញពីរោងចក្រស្វាយចូលស្ទឹង បង្កឱ្យមានក្លិនស្អុយ ធ្វើឱ្យប៉ះ​ពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

នៅចំពោះមុខក្រុមការងារ បានចាត់វិធានការអនុវត្តចំពោះ​រោងចក្រ ដូចតទៅ

  • ត្រូវពិន័យអន្តរការណ៍ ចំពោះការប្រព្រឹត្តល្មើសរបស់រោងចក្រ ទៅតាមច្បាប់ជាធរមាន
  • ត្រូវផ្តល់សំណង និងការស្តារបរិស្ថានឡើងវិញ នៅក្នុងព្រែក ដែលរងការប៉ះពាល់ (អនុលោមមាត្រ៧២៣ និង៧២៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ)។
  • តម្រូវឱ្យក្រុមហ៊ុនបិទភ្ជិតប្រឡាយ បង្ហូរសំណល់រាវ ដែលបានរកឃើញថា មានពណ៌សស្រអាប់ និងមានក្លិនឆួលចូលទៅក្នុងស្ទឹងនៅក្រោយរោងចក្រ
  • តម្រូវឲ្យរោងចក្ររៀបចំរបាយការណ៍រាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម
  • តម្រូវរោងចក្រ ធ្វើការកែសម្រួលអាងប្រព្រឹត្តិកម្មឡើងវិញ ឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសបរិស្ថាន និងត្រូវរៀបចំឲ្យមានស្រះស្តុកបន្ថែមទៀត សម្រាប់ធ្វើការសំណល់រាវក្រោយការសម្អាតរួច និងដើម្បីជៀសវាងការហូរចូលទៅស្ទឹងបន្តទៀត។

សូមបញ្ជាក់ថា យោងលើភស្តុតាង នឹងផលប៉ះពាល់ខាងលើ ករណីការបំពុលបរិស្ថាននេះ បង្កឡើងដោយការបញ្ចេញ សំណល់រាវរបស់ក្រុមហ៊ុន បង្កឱ្យមានផលប៉ះពាល់ ដល់​គុណភាពទឹកសាធារណៈ ជីវៈចម្រុះក្នុងទឹក និងការរស់នៅ​របស់ប្រជាពលរដ្ឋ។ សកម្មភាពរបស់ក្រុមហ៊ុននេះ គឺល្មើស​ទៅនឹងមាត្រា១៥៦ ២៨៧ ២៨៩ និង២៩០ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងមាត្រា៤ មាត្រា៦ និងមាត្រា៩ថ្មី នៃអនុក្រឹត្យ ស្តីពីការត្រួតពិនិត្យការបំពុលទឹក ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner