ខេត្តស្ទឹងត្រែងមានប្រព័ន្ធបូមទឹកក្រោមដី ប្រើពន្លឺព្រះអាទិត្យដ៏មានតម្លៃ

ស្ទឹងត្រែង៖រដ្ឋបាលខេត្តស្ទឹងត្រែងកាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥​​បានសម្ពោធដាក់ឱ្យដំណើការ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើងប្រព័ន្ធបូមទឹកក្រោម​ដីប្រើពន្លឺព្រះអាទិត្យ ដែលជាសមិទ្ធផលថ្មីមួយនៅក្នុងភូមិក្រឡាពាល ឃុំព្រះរំកឹល ស្រុកបុរីអូរស្វាយសែនជ័យ ក្រោមការគាំទ្រហិរញ្ញប្បទាន​ឥត​សំណង​ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា។

ពិធីបានប្រព្រឹត្តទៅក្រោមអធិបតីភាពកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ​ក្រសួងធនធានទឹកនិងឧតុនិយម,ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត​ស្ទឹងត្រែង ។
ថ្លែងក្នុងឱកាសនេះជាមួយនឹងការអបអរចំពោះសមិទ្ធ​ផលដ៏មានតម្លៃ ឯកឧត្តម​អភិ​បាល​ខេត្តស្ទឹងត្រែងអំពាវនាវដល់ប្រជាពលរដ្ឋ និងសហគមន៍​សូមយកចិត្តទុកដាក់ថែរក្សាសមិទ្ធផលនេះ ក៏ដូចជា​រាល់សមិទ្ធ​ផល​នានារបស់រាជរដ្ឋាភិបាលដែលបានផ្តល់ជូននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជា​ប្រយោជន៍ប្រើប្រាស់បានយូអង្វែង ។

ទាក់ទងនឹងប្រព័ន្ធបូមទឹកក្រោមដីប្រើពន្លឺព្រះអាទិត្យដែលសម្ពោធដាក់ឱ្យប្រើប្រាស់ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹកនិងឧតុនិយ​ម​បានបញ្ជាក់ថា គម្រោងពិពិធកម្មកសិកម្មកម្ពុជាត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងធនាគារ​ពិភពលោកបានចុះកិច្ចព្រមព្រាងហរិញ្ញប្បទានកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ដែលមានថវិកាចំនួន១០១,៦៧លាន​ដុល្លា​រ​អាមេរិក។គម្រោងនេះត្រូវបានអនុវត្តដោយក្រសួងចំនួន៤រួមមាន៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ,ក្រសួងធនធានទឹក​និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ ។

គម្រោងពិពិធកម្មកសិកម្មកម្ពុជាមានគោលបំណងផ្តល់ការគាំទ្រសហគមន៍កសិកម្មនៅតាមបណ្តាខេត្តគោលដៅចំនួន១៣ ក្នុងនេះក៏មានខេត្តស្ទឹងត្រែង​ផងដែរ។តាមរយៈគម្រោងនេះប្រជាពលរដ្ឋនឹងទទួលផលប្រយោជន៍ដូចជា ទី១.ទទួលបាន​ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធស្រោចស្រព និងទី២.ទទួលបាន​ហេដ្ឋារចនាសម្ព័ន្ធជាផ្លូវជនបទ ដែលនឹងធ្វើឱ្យ​សហគមន៍ដែល​ទទួលគម្រោង​នឹងមានភាពរីកចម្រើន។

គប្បីជម្រាបជូនថា គម្រោងការធ្វើឱ្យប្រសើរឡើងប្រព័ន្ធបូមទឹកក្រោមដី ដោយប្រើពន្លឺ ព្រះអាទិត្យដែល​សម្ពោធនាពេល​នេះមានដូចជា អណ្តូងទឹក​ជម្រៅ១១៧ម៉ែត្រ បំពាក់ម៉ូទ័រកម្លាំង៣សេសដើរដោយថាមពលពន្លឺ​ព្រះអាទិត្យចំនួន២កន្លែង ដែលអាចបូបទឹកយ៉ាងតិចប្រមាណ៦-៧​ម៉ែត្រគូបក្នុងមួយម៉ោងសម្រាប់អណ្តូងមួយកន្លែង, មានប៉មទឹកធ្វើពី​បេតុងអាមេ ដែលមានទំហំ៤គុណនឹង១២ម៉ែត្រ កំពស់៨ ម៉ែត្រ ទ្រស៊ីតែនទឹកចំនួនចំនួន៤ ចំណុះសរុប៤០ ម៉ែត្រគូប ,មានប្រព័ន្ធ​ទុយោចែកសរុប៣០០ម៉ែត្រ និងបំពាក់ផ្ទាំងសូឡាដើរដោយពន្លឺ​ព្រះអាទិត្យចំនួន២០ សន្លឹក ដែលមានកម្លាំង​រហូតដល់៩សេស និងប្រព័ន្ធចែកចាយភ្លើងចំនួនមួយកន្លែង។

លោក លំ សេរីគុត ប្រធានមន្ទីរធនធានទឹកខេត្តបានឱ្យដឹងថា​ប្រព័ន្ធបូម​ទឹកក្រោមដីដោយប្រើពន្លឺព្រះអាទិត្យនេះ បាន​សាងសង់ឡើងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ និងបានរួចរាល់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ដោយ​មានការស្នើសុំពី​សហគមន៍​ព្រះរំកិល ដើម្បីពង្រីកសង្វាក់ផលិតកម្មកូនជ្រូក និងជ្រូកសាច់៕
ដោយ៖ដេង ម៉ាវិន

ads banner