មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិកនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃ

ភ្នំពេញ៖នាយឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក (RONALD P. CLARK) មេបញ្ជាការ​កងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំ ប៉ាស៊ីហ្វិក (USARPAC) នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណា​ចក្រកម្ពុជារយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានឱ្យដឹងថា តបតាមការអញ្ជើញ របស់ ឯកឧត្តម​នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពល​ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម នាយឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក (RONALD P. CLARK) មេបញ្ជាការកងទ័ពជើងគោក​​សហរដ្ឋ​អាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) នឹងអញ្ជើញបំពេញទស្សន​កិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម នាយឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក នឹងអញ្ជើញចូល ជួបសម្តែងការគួរសមជាមួយ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ, ឯកឧត្តម នាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គមេ​បញ្ជា​ការនៃកងយោធពល ខេមរភូមិន្ទ។

ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នៅទីបញ្ជាការបញ្ជាការ​ដ្ឋាន​កងទ័ពជើងគោក ដែលឯកឧត្តមមេបញ្ជាការទាំងពីរនឹង ពិភាក្សាស៊ីជម្រៅ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា​សំដៅ​កសាងទំនុកចិត្ត និងការជឿជាក់ក្នុងវិស័យការពារជាតិរវាង​ប្រទេសទាំង​ពីរ។

ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក នៅពេលនេះ គឺស្របពេលខួប លើកទី៧៥ទំនាក់ទំនងការ ទូតប្រទេស​ទាំងពីរ កម្ពុជា- សហរដ្ឋអាមេរិក ហើយក៏ជាលើកទី២ដែលមេបញ្ជាការ កងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំ ប៉ាស៊ីហ្វិក អញ្ជើញបំពេញ​ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដែលលើក ទី១ គឺដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ វ៉ីនសេន ប៊ុ្រក (VINCENT BROOKS) នៅក្នុងឆ្នាំ២០១៤៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner