មន្រ្តីសុខាភិបាល៖ការងារគ្រូពេទ្យ គឺជាទេវតាជួយសង្គ្រោះជីវិតអ្នកជំងឺ

បន្ទាយមានជ័យ៖ “ថ្វីបើគ្រូពេទ្យមិនមែនជាទេវតា ប៉ុន្តែការងារគ្រូពេទ្យ​ជាទេវតាក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ”។នេះជា ប្រសាសន៍លើក​ឡើងរបស់លោក ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត​បន្ទាយ​មានជ័យកាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២៥ ក្នុងទិវាអភិវឌ្ឍ​វិជ្ជាជីវៈ វេជ្ជសាស្ត្របន្តលើកទី២១ដែលរៀបចំឡើងនៅសាលប្រជុំនៃមន្ទីរសុខាភិបាលខេត្ត។

លោក ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយ មានជ័យ​បាន​មានប្រសាសន៍បន្ថែមដោយក្រើនរំលឹកថា វេជ្ជបណ្ឌិត គ្រូពេទ្យ ដាច់ខាតត្រូវប្រកាន់ឥរិយាបទ ទន់ភ្លន់,មាន សុជីវធម៌ និងប្រកាន់ខ្ជាប់​នូវក្រមសីលធម៌ វិជ្ជាជីវៈ ចាប់តាំងពីការទទួលអ្នកជំងឺពីដំបូង រហូតដល់​បញ្ចប់ការព្យាបាល ។លោកថា ហើយត្រូវបម្រើសេវាដោយភាពស្មោះត្រង់ ប្រកបដោយស្នាមញញឺមចេញពីបេះដូងខ្លួនដើម្បីទាញយកបេះដូងអ្នកជំងឺ ។

ក្នុងទិវានេះដែរលោកវេជ្ជបណ្ឌិត គិត ម៉េងហ៊ាង ប្រធានគណៈគ្រូពេទ្យ​ខេត្ត​បន្ទាយមានជ័យបានរាយការណ៍ថា គណៈគ្រូពេទ្យ ខេត្ត តែងបាន​ចុះណែនាំផ្ទាល់ដល់ទីកន្លែង សេវាពេទ្យរដ្ឋ និងឯកជនលើ​ការបម្រើ​សេវាសុខភាព ជាមួយការងារបច្ចេកទេស ដែលធានាបាននូវសេវា​មាន​គុណភាព និងប្រសិទ្ធភាព យ៉ាងសុក្រឹតភាព បើទោះជាមិនទាន់​ឆ្លើយតប​បាន១០០ភាគរយក្ដី ។

ចំណែកលោកសាស្ត្រាចារ្យ កេត លីសត្ថា តំណាងគ្រូពេទ្យថ្នាក់ជាតិ​បានផ្ដាំផ្ញើដល់អ្នកបម្រើសេវាសុខាភិបាលទាំងអស់ត្រូវ ប្រកាន់ខ្ជាប់នូវ​ក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ។លោកបញ្ជាក់ថាទន្ទឹមនឹងមាន​ចំណេះ​ដឹងលើលើវិស័យវេជ្ជសាស្រ្ត ការមានក្រមសីលធម៌ វិជ្ជាជីវៈបន្ថែមទៀត ​ទើបសមក្នុងនាមអ្នកមានការងារជាគ្រូពេទ្យជាទេវតាជួយសង្គ្រោះជីវិតអ្នកជំងឺ។

ទិវាអភិវឌ្ឍវិជ្ជាជីវៈ វេជ្ជ​សាស្ត្របន្តលើកទី២១ ឆ្នាំនេះ មានការចូលរួមពី សមាជិកគណៈគ្រូពេទ្យខេត្ត វេជ្ជបណ្ឌិត និងគ្រូពេទ្យទាំងរដ្ឋ និងឯកជន​សរុប១២២ នាក់។ទិវា នេះតែងបានធ្វើជាបន្តបន្ទាប់រៀងរាល់ឆ្នាំ៕
ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner