ក្រុមហ៊ុន KENPAX របស់ចិននឹងបង្កើតរោងចក្រផលិត​គ្រឿង​បរិក្ខាពេទ្យដ៏ធំមួយនៅខេត្តកំពត

កំពត៖ក្រុមហ៊ុនផលិតគ្រឿងបរិក្ខាពេទ្យ(ផលិតផលវេជ្ជសាស្រ្ត)​របស់ប្រទេសចិនមួយគ្រោងនឹងសាងសង់រោងចក្រដ៏ធំមួយដែលមានទីតាំងស្ថិតនៅក្នុង ភូមិព្រៃថ្មី ឃុំស្រែចែង ស្រុកជុំគិរីនាខែមីនា​​ខាងមុខ។តាមរយៈការវិនិយោគនេះនឹងបង្កើតការងារចំនួន
៣ពាន់​កន្លែងផងដែរ។

គម្រោងសាងសង់រោងចក្រផលិតផលវេជ្ជសាស្រ្តបានបញ្ជាក់ឱ្យដឹងក្នុងឱកាសជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារកាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ រវាងលោកប្រធានក្រុមហ៊ុន KENPAX ជាមួយឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត ។

ក្នុងជំនួបលោក វៃ លីន (Wayne Lin) ប្រធានក្រុមហ៊ុន KENPAX ដែលជាក្រុមហ៊ុនផលិតគ្រឿងបរិក្ខាពេទ្យ​មកពី​ប្រទេសចិន បានជម្រាបឯកឧត្តមអភិបាលខេត្តថា ក្រុមហ៊ុន KENPAX គឺជាក្រុមហ៊ុនផលិតនូវផលិតផលផ្នែកវេជ្ជសាស្រ្ត ។បច្ចុប្បន្នបាន ធ្វើការចែកចាយ និងផ្គត់ផ្គង់នៅជាង ៤០ប្រទេស​នៅលើពិភពលោក។លោកបានបន្តថា ដោយមើលឃើញពីសក្តា​នុពល និងភាពអំណោយផលរបស់ខេត្តកំពត ទើបក្រុមហ៊ុន​សម្រេចមកវិនិយោគដោយសាងសង់រោងចក្រផលិតគ្រឿងបរិក្ខាពេទ្យ (ផលិតផលវេជ្ជសាស្រ្ត) ដែលមានទីតាំងស្ថិតក្នុងភូមិព្រៃថ្មី ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ។រោងចក្រនេះនឹងផ្តល់ការងារ ចំនួន ៣ ០០០កន្លែងជូនពលរដ្ឋ។រោងចក្រគ្រោងនឹងបើកកា​រដ្ឋានសាងសង់នៅពាក់កណ្តាលខែមីនាហើយនឹងបញ្ចប់​នៅចុង​ឆ្នាំ​២០២៥។

ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្វាគមន៍ចំពោះការ​វិនិយោគ​និងការបង្កើតរោងចក្រផលិតបរិក្ខាពេទ្យរបស់ក្រុមហ៊ុន KENPAX ក្នុងខេត្តកំពត។ឯកឧត្តមក៏បានលើកទឹកចិត្តដល់​ក្រុមហ៊ុន​ឱ្យធ្វើការជ្រើសរើសបុគ្គលិកខ្មែរនិងកម្មករដែលរស់ នៅក្បែរតំបន់ដែលសាងសង់រោងចក្រជាជម្រើសទី១ ហើយបន្ត​ជ្រើសរើសតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពត ក្នុងន័យដើម្បី បង្កើតការងារជូនប្រជាពលរដ្ឋក្នុងខេត្តកំពត៕
ដោយ៖ សិលា សារិន

ads banner