សហគមន៍តំបន់ការពារធម្មជាតិសម្បូរអភិវឌ្ឍន៍ ស្នើសុំពង្រីកព្រៃសហគមន៍បន្ថែមទៀត
(ភ្នំពេញ)៖ ប្រជាសហគមន៍ ក្នុងតំបន់ការពារធម្មជាតិសម្បូរអភិវឌ្ឍន៍ ស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ស្នើសុំពង្រីកព្រៃសហគមន៍បន្ថែមទៀត ដើម្បីជួយដល់ការងារការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃ ខណៈដែលពួកគេទទួលបានការលើកកម្ពស់ជីវភាព តាមរយៈអនុផលព្រៃដូចជាការជីកដំឡូងព្រៃ ផ្សិត ស្លឹកព្រិច និងរកជ័រ ក៏ដូចជាតាមរយៈការអនុវត្តគម្រោងនានា ដែលទទួលបានការគាំទ្រពីក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអង្គការសមាគមន៍ផ្សេងទៀត ។
លោកស្រី ប៊ួច នុត បេឡាករសហគមន៍តំបន់ការពារធម្មជាតិសម្បូរអភិវឌ្ឍន៍ ស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បានថ្លែងឱ្យដឹងថា សហគមន៍របស់ខ្លួនបាននិងកំពុងដាក់ស្នើសុំពង្រីកព្រៃសហគមន៍បន្ថែមចំនួនជាង៨៥៤ហិកតាទៀត បន្ទាប់ពីត្រូវបានរៀបចំបង្កើតឡើង និងទទួលស្គាល់ផ្លូវការដោយក្រសួងបរិស្ថាន នៅឆ្នាំ២០១២ ដោយមានផ្ទៃដីសរុប ១.០៧១ហិកតា។ ការស្នើសុំពង្រីកព្រៃសហគមន៍ ដោយសារតែចំនួនប្រជាពលរដ្ឋក្នុងសហគមន៍មានការកើនឡើង។ លោកស្រី បញ្ជាក់ថា បច្ចុប្បន្ន សហគមន៍នេះ មានមានប្រជាពលរដ្ឋចំនួន ១៤២គ្រួសារ ស្មើននឹង ៦៤២នាក់ បានចូលរួមជាមួយរាជរដ្ឋាភិបាលលើកការងារគ្រប់គ្រង និងការការពារធនធានធម្មជាតិ ដែលមានស្រាប់ក្នុងតំបន់ ដើម្បីជាប្រយោជន៍ដល់ការអភិក្សជីវៈចម្រុះប្រកបដោយនិន្តរភាព ។
លោកស្រី បានឱ្យដឹងថា ក្នុងរដូវប្រាំងនេះ ប្រជាពលរដ្ឋក្នុងសហគមន៍របស់ខ្លួននាំគ្នាចូលព្រៃជីកដំឡូងព្រៃមួយប្រភេទឈ្មោះថា «ដំឡូងកន្ទប» ដើម្បីរកប្រាក់ចំណូលបន្ថែម ដោយក្នុងដំឡូងមួយគីឡូក្រាម លក់បានតម្លៃ៥០០០រៀល។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានកត់សម្គាល់ថា ក្នុងរយៈកាលមកនេះ សហគមន៍បានដើរតួនាទីយ៉ាងសំខាន់ ក្នុងចូលរួមចំណែកលើការងារការពារអភិរក្ស ធនធានធម្មជាតិ។ ឯកឧត្តម បានថ្លែងថា «យើងគាំទ្រ និងលើកទឹកចិត្តដល់សហគមន៍ ក្នុងការចូលរួមបង្កើននូវភាពបៃតង។
យើងលើកទឹកចិត្តដល់សហគមន៍ ក៏ដូចជាដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តជួយដល់សហគមន៍តំបន់ការពារធម្មជាតិបន្ថែមទៀត ដើម្បីធ្វើឱ្យជីវភាពរបស់សហគមន៍មាននិរន្តរភាព សំដៅទប់ស្កាត់ការចូលកាប់ព្រៃ ការដុតព្រៃ ដែលធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ បរិស្ថាន និងគុណភាពខ្យល់។ ការកាត់បន្ថយជម្រើសចូលទៅកាន់ព្រៃដែលពឹងពាក់ទៅលើព្រៃឈើ និងការបង្កើតមុខរបរថ្មីសម្រាប់ប្រជាសហគមន៍ នឹងអាចកាត់បន្ថយការដាក់សម្ពាធខ្លាំងទៅលើធនធានធម្មជាតិ។ ការណ៍នឹងធ្វើឱ្យព្រៃឈើយើងមានការកើនឡើង»។
សូមបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិសម្បូរអភិវឌ្ឍន៍ ទទួលបានការគាំទ្រពីគម្រោង«ការបញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិទៅក្នុងតំបន់ទេសភាព នៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិ នៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា ដែលហៅកាត់ថា INRM Project ក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន និងអង្គការសុខិតកាល ដើម្បីបង្កើតសកម្មភាពរកប្រាក់ចំណូល ដល់សហគមន៍តំបន់ការពារធម្មជាតិ តាមរយៈបង្កើតមុខរបរផ្សេងៗដូចជា ការដាំបន្ថែម ការចិញ្ចឹមសត្វ និងការលើកទឹកចិត្តចូលរួមលើការងារដាំស្តារព្រៃសហគមន៍តំបន់ការពារធម្មជាតិ ជាដើម៕






ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ សែម បូរិន