ស៊ីម៉ាក់ នឹងបង្កើតរោងជាងកែច្នៃសំណល់ជ័រ លោហធាតុនៃយុទ្ធភណ្ឌសង្រ្គាម ទៅជាវត្ថុអនុស្សាវរីយ៍អាចរកកម្រៃបាន
ភ្នំពេញ៖នៅទីបញ្ជាការដ្ឋានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)រាជធានីភ្នំពេញកាលពីព្រឹកឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជានិងលោក អាយូមូ តាកាហាស៊ី (Ayumu TAKAHASHI) ប្រធានក្រុមប្រឹក្សាអង្គការ On The Road បានចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើគម្រោងផ្ទេរបច្ចេកវិទ្យាក្នុងការកែច្នៃសំណល់ជ័រ/លោហធាតុនៃយុទ្ធភណ្ឌសង្រ្គាមដើម្បីផលិតអនុស្សាវរីយ៍ ។តាមរយៈអនុស្សរណៈនេះអង្គភាពស៊ីម៉ាក់ នឹងបង្កើតរោងជាងមួយសម្រាប់ធ្វើការកែច្នៃសំណល់ជ័រ លោហធាតុនៃយុទ្ធភណ្ឌ ។

លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងនេះអង្គភាពស៊ីម៉ាក់នឹងបង្កើតរោងជាងសម្រាប់ធ្វើការកែច្នៃសំណល់ជ័រ លោហធាតុនៃយុទ្ធភណ្ឌសង្រ្គាម ដោយមានការបណ្តុះបណ្តាលដោយអ្នកជំនាញវិចិត្រករជប៉ុននៅប្រទេសជប៉ុនព្រមទាំងជួយរៀបចំសម្ភារបច្ចេកទេសសម្រាប់ផលិតនៅកម្ពុជាដោយអង្គភាពស៊ីម៉ាក់ម្ចាស់ការផលិតដោយខ្លួនឯង។ គម្រោងនេះនឹងផ្តល់ការងារដល់ជនពិការ និងចូលរួមផលិតនិងលក់បម្រើឱ្យទីផ្សារអនុស្សាវរីយ៍នៅសារមន្ទីរតេជោសន្តិភាព ស្ថិតនៅក្នុងខេត្តសៀមរាបនិងទីផ្សារនៅប្រទេសជប៉ុនផងដែរ។

ឯកឧត្តម ហេង រតនា បានរំលឹកទៅរកប្រវត្តិមុននឹងមានអនុស្សរណៈនេះថា កាលពីកំឡុងខែសីហា ឆ្នាំ២០២៤ លោកធ្លាប់បានជួបពិភាក្សាការងារនេះជាមួយវិចិត្រករជប៉ុនដែលមានគំនិតកែច្នៃសារធាតុជ័រសំរាមនៅតាមសមុទ្រ រើសមកកែច្នៃជាវត្ថុអនុស្សាវរីយ៍មានតម្លៃ នៅខេត្តអូគីណាវ៉ា។ អង្គភាពស៊ីម៉ាក់ក៏មានគោលបំណងកែច្នៃសំណល់ជ័រសំបកឬលោហធាតុគ្រាប់មីន/យុទ្ធភណ្ឌសង្គ្រាមឱ្យក្លាយជាវត្ថុអនុស្សាវរីយ៍ បម្រើឱ្យទីផ្សារអនុស្សាវរីយ៍នៅសារមន្ទីរតេជោសន្តិភាព។ ជាពិសេសមានមហិច្ឆតាក្នុងការប្រែក្លាយពីឧបករណ៍សម្លាប់មនុស្សសំណល់សង្គ្រាម ទៅជាវត្ថុដែលអាចបម្រើមនុស្សដោយសន្តិភាព។

អគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ថា តាមរយៈគម្រោងផែនការនេះ អង្គភាពស៊ីម៉ាក់អាចផ្តល់ការងារដល់ជនពិការដោយសារមីន មានលទ្ធភាពបម្រើការក្នុងសិប្បកម្មផលិតវត្ថុអនុស្សាវរីយ៍នេះផងនិងផ្តល់សេវាលក់ដូរនៅសារមន្ទីរតេជោសន្តិភាពផងដែរ៕
ដោយ៖មុនី

