ផ្កាបំពង់ក្រឡោមសម្បូរដុះច្រើនតំបន់ នៅលើភ្នំខ្នងព្រះ ខេត្តពោធិ៍សាត់

(ខេត្តពោធិ៍សាត់)៖ ផ្កាបំពង់ក្រឡោម អ្នកខ្លះហៅថា បំពង់ ស្រមោច ឬខ្លះទៀតហៅថា ផ្កាបំពង់លុក ឬ «ផ្កាក្រឡូមពារ» គឺជាពួករុក្ខជាតិស៊ីសាច់ដែលគេបានដឹងតិចតួចណាស់នៅកម្ពុជា។ ផ្កានេះភាគច្រើនគេឃើញដុះ នៅតាម ទីតំបន់ភ្នំ ខ្ពស់ៗ ហើយមានរូបរាងគួរជាទីចាប់អារម្មណ៍ ដោយសារតែវាមាន រូបរាងស្រដៀងទៅនឹងអវយវៈភេទបុរស។

កន្លងមកផ្កាបំពង់ក្រឡោម គេបានចាប់អារម្មណ៍វា ដោយឃើ ញ​ដុះតែតំបន់មួយចំនួនប៉ុណ្ណោះដូចជានៅតំបន់ភ្នំពពកវិល វាលស្រែ៥០០ វាលស្រែ១០០ នៃឧទ្យាន ជាតិ ព្រះមុនីវង្ស «បូកគោ» ឬតំបន់ភ្នំខ្នងក្រពើ ខ្នងវិហារ ខ្នងផ្សារជាដើម។សម្រាប់​នៅលើខ្នងភ្នំព្រះ ខេត្តពោធិ៍សាត់ ក៏គេឃើញមានដុះ​យ៉ាងច្រើន​ និងបញ្ចេញសម្រស់យ៉ាងស្រស់ស្អាតលាយ​ឡំ​ជា​មួយប្រភេទរុក្ខជាតិផ្កាព្រៃជាច្រើនទៀតសម្រាប់ទទួលភ្ញៀវទេសចរផងដែរ។

លោក សាវ ធីម ប្រធានក្រុមអ្នកនាំផ្លូវ សហគមន៍ភ្នំព្រះដែល​ស្ថិត​នៅឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់បានប្រាប់ថា ផ្កាបំពង់ក្រឡោម នេះមានដុះយ៉ាងច្រើននៅលើខ្នងភ្នំព្រះ ហើយឱ្យតែមានទីវាលចាប់ពីលើភ្នំកំពស់៣០០ម៉ែត្រទៅគឺមានដុះហើយ ។ ផ្កាប្រភេទនេះដុះរីកស្គុះស្គាយល្អបំផុត​គឺចាប់ពី​ខែ១០ ដល់ខែ១២ ហើយនៅតំបន់នេះឃើញមានដុះ២​ប្រ​ភេទ ​គឺផ្កាពណ៌ក្រហម និងបៃតង។ផ្កាបំពង់ក្រឡោម​នៅទីនេះ​ខ្លះរីកធំៗរហូតដល់ទំហំប៉ុនក៏ដៃក៏មានដែរ ដោយសារតែតំបន់​នេះមានអាកាសធាតុត្រជាក់ និងដីមានជីជាតិល្អ។

ប្រធានក្រុមអ្នកនាំផ្លូវរូបនេះបានបញ្ជាក់ប្រាប់បន្ថែមថា”ផ្កានេះធ្វើឱ្យអ្នកទេសចរចាប់អារម្មណ៍ខ្លាំងណាស់។ពិសេសអ្នកទេស​ចរស្រីៗតែងចំអែចំអន់គ្នា ហើយតែងថតរូបទុកជា​អនុស្សាវរី​យ៍​​មិនដែលភ្លេចសោះឡើយ”។

លោក អេង រស្មី ប្រធានមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ បាន​ប្រាប់ឱ្យដឹងថាតំបន់ភ្នំខ្នងព្រះសម្បូរទៅដោយរុក្ខជាតិ ចម្រុះ​ច្រើនប្រភេទ ដែលអ្នកទេសចរក្រៅពីអាចទស្សនាផ្ការុក្ខជាតិ តាមតំបន់ព្រៃភ្នំ ថែមទាំងអាចទស្សទេភាពព្រៃភ្នំ​ដ៏ស្រស់​ត្រកាល ដោយពុំមានកន្លែងតំបន់ដទៃទៀតដូចនោះឡើយ។ផ្ការុក្ខជាតិចម្រុះពិសេសនារដូវវស្សាគេអាចដើរទស្សនាមិនចេះនឿយហត់សោះឡើយ។

ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបាន​ថ្លែងថា ការថែរក្សាបាននូវធនធានធម្មជាតិ មិនត្រឹមតែរ​ក្សា​បានលំនឹងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ប៉ុណ្ណទេ ប៉ុន្តែយើងអាច​ថែរក្សាគង់វង្សនូវសម្បត្តិធនធានធម្មជាតិ សម្រាប់ប្រយោជន៍​ដល់កូនចៅជំនាន់ក្រោយ ដែលវាក៏ជាផ្នែកមួយសម្រាប់​ជំរុញ​ដល់សេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។

ជាមួយគ្នានេះមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានក៏បានបញ្ជាក់បន្ថែមដោយធ្វើការលើកទឹកចិត្តដល់ពលរដ្ឋខ្មែរ យុវជន​ចូលរួម​ដើរកម្សាន្តតាមតំបន់ធនធានធម្មជាតិកម្ពុជា ដើម្បីចូលរួម​លើក​ស្ទួយលើវិស័យទេសចរណ៍នៅកម្ពុជា និងកិច្ចការពារ និង អភិ​រក្ស​ធនធានធម្មធម្មជាតិថែមទៀត។

បើតាមមន្រ្តីក្ក្រសួងបរិស្ថានបានឱ្យដឹងនាកន្លងមកថា ផ្កាបំពង់​ក្រឡោមនេះ មានចំនួន១២៩ប្រភេទ ក្នុងនោះ៥ប្រភេទមាន​ដុះលូតលាស់នៅផ្នែកមួយចំនួននៅកម្ពុជាដូចជា នៅតំបន់​ភ្នំ​ពពក​វិល វាលស្រែ៥០០ វាលស្រែ១០០ នៃឧទ្យានជាតិ​ព្រះ​មុនី​វង្ស «បូកគោ»ជាដើម ។ ប្រភេទខ្លះ ដុះនៅតាមតំបន់ភ្នំ នៃ​ភាគនិរតីប្រទេសកម្ពុជាដូចជានៅតាមតំបន់ជួរភ្នំក្រវាញ។ខ្លះដុះនៅក្នុងខេត្តកំពត ដែនជម្រកសត្វព្រៃភ្នំសំកុស និងនៅ​តាម​តំបន់ជួរភ្នំក្រវាញ។ ប្រភេទខ្លះទៀតដុះនៅខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ និងដូចជាប្រភេទ Nepenthes smilesii Hemsley មាននៅដុះខេត្តកំពតនិងឧទ្យានជាតិ​ព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» នៃខេត្តកំពង់ស្ពឺ ជាដើម។

គួរបញ្ជាក់ថានាកន្លងមកក្រសួងបរិស្ថានក៏បានចេញបំរាមមិនឱ្យ​អ្នក​ទេសចរបេះផ្កា ដើម្បីថតរូប ជាហេតុធ្វើឱ្យផ្ការងនូវការ​ផុត​ពូជរួចមកហើយ ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ ក្រុមOB

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner