Elon Musk ត្រូវបានចោទថាប្រើល្បិចកល៨យ៉ាង កាត់ចំណាយរដ្ឋាភិបាលអាមេរិក
បរទេស៖ លោក មហាសេដ្ឋី Elon Musk ត្រូវបានចោទប្រកាន់ចំៗថា ក្នុងរយៈពេលជាង១ខែមកនេះ បានប្រើប្រាស់ល្បិចកលបំភាន់ ៨យ៉ាង ដើម្បីកាត់បន្ថយការចំណាយទ្រង់ទ្រាយធំ របស់រដ្ឋាភិបាលអាមេរិក នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃចន្ទ។
CNN បានលើកឡើងថា មានរឿងមិនពិត ឬ ការបំភាន់ច្រើន នៅលើបណ្តាញសង្គម X ប៉ុន្តែ បានលើកឡើង ជាឧទាហរណ៍ ៨ ចំណុច រួមមាន ៖
ទី១៖ លោកបានផ្សព្វផ្សាយវីដេអូក្លែងក្លាយ អំពីទីភ្នាក់ងារ USAID ដែលចោទថា ប្រមូលលុយឲ្យបុគ្គលល្បីៗ យកទៅចំណាយ នៅក្រៅប្រទេស រួមទាំង អ៊ុយក្រែន ហើយបង្កើតជាវីដេអូបែបកម្សាន្តទៀតផង។ ក្រោយមក លោក Musk អះអាងថា USAID ចាយប្រាក់ពន្ធ របស់ពលរដ្ឋអាមេរិក យ៉ាងសន្ធឹកសន្ធាប់។
ទី២៖ លោកបំភាន់កិច្ចសន្យា របស់មន្ទីរបញ្ចកោណ លើការប្រឆាំងនឹងការវាយប្រហារ តាមអ៊ីនធឺណិត ដោយផ្តោតលើទីភ្នាក់ងារសារព័ត៌មាន Reuters ដែលលោកធ្លាប់ផ្សាយរិះគន់ លើបញ្ហាអាជីវកម្មរបស់លោក។ លោកសរសេរ នៅលើ X ថា «រ៉យទ័រត្រូវបានបង់ប្រាក់រាប់លានដុល្លារ ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក បោកប្រាស់សង្គមទ្រង់ទ្រាយធំ»។
ចំណុចទី៣៖ លោក ទម្លាក់ការសង្ស័យដោយគ្មានមូលដ្ឋាន លើឥណទានពន្ធ ដោយ Musk បានចែករំលែកតារាង របស់អ្នកប្រើ X បង្ហាញពីតម្លៃ នៃឥណទានពន្ធសហព័ន្ធ ចាប់ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០២១ ដោយពិពណ៌នាថា គួរឲ្យសង្ស័យអំពីឥណទានពន្ធ ដែលកើនឡើងខ្លាំង ក្នុងរយៈពេលខ្លី មិនសមហេតុផល។
ចំណុចទី៤ ៖ លោក ផ្សព្វផ្សាយការអះអាងមិនពិត អំពីការចំណាយរបស់រដ្ឋាភិបាលរាប់សិបលានដុល្លារ ឲ្យកាសែត The New York ត្រឹមតែ ៥ ឆ្នាំចុងក្រោយនេះ ដោយលោក Musk សម្អាងលើការបង្ហោះ ពីអ្នកប្រើប្រាស់ X ធ្វើការចោទប្រកាន់បែបនេះ។
ចំណុចទី៥៖ ការផ្សព្វផ្សាយ រឿងស្រោមអនាម័យ សម្រាប់ហ្គាហ្សា ដែលត្រូវបានប្រកាសដោយ
លេខាធិការសារព័ត៌មាន នាង Karoline Leavitt។ បន្ទាប់មក លោក Musk ចោទថា លុយទាំងនោះ ធ្លាក់នៅក្នុងហោប៉ៅ របស់ Hamas មិនមែន ជាស្រោមអនាម័យទេ។
ចំណុចទី៦៖ ការផ្សព្វផ្សាយការទាមទារមិនពិត អំពីការសន្សំនាយកដ្ឋាន DOGE។
លោក Musk បានចែករំលែកការបង្ហោះ X របស់សកម្មជនអភិរក្សនិយម ថា DOGE សន្សំបានទឹកប្រាក់ជិត១១០ ពាន់លានដុល្លារហើយ។ ក្រោយមក Musk ប្រកាសថា នេះគឺដំណើរការល្អ។
ចំណុចទី៧៖ ការយល់ច្រឡំ អំពីទិន្នន័យសន្តិសុខសង្គម។
លោក Musk បានបង្ហោះតារាងមួយ នៅលើ X បង្ហាញថា មានមានព័ត៌មានក្លែងក្លាយ ពីការកំណត់អាយុ នៅក្នុងមូលដ្ឋានទិន្នន័យសន្តិសុខសង្គម ដោយចោទថា ជាការក្លែងបន្លំដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្រ្ត របស់មនុស្សជាតិ។
ចំណុចទី៨៖ និយាយមិនពិត អំពីការចំណាយ របស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ ហៅកាត់ FEMA លើលំនៅដ្ឋានជនចំណាកស្រុក។ លោក
Musk បានអះអាងនៅដើមខែនេះ ថា ក្រុម DOGE ទើបតែរកឃើញថា ភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ បានផ្ញើប្រាក់ចំនួន ៥៩ លានដុល្លារ ចំណាយលើសណ្ឋាគារប្រណីត នៅទីក្រុងញូវយ៉ក ឲ្យជនចំណាកស្រុកខុសច្បាប់ ស្នាក់នៅ។
ជុំវិញរឿងទាំងនេះ CNN បានព្យាយាមទាក់ទងការឆ្លើយបំភ្លឺពីសេតវិមានដែរ តែសេតវិមាន មិនទាន់បានឆ្លើយតបទៅនឹងសំណើ សុំធ្វើអត្ថាធិប្បាយនៅឡើយទេ គិតត្រឹមចុងសប្តាហ៍៕
ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត
