រដ្ឋមន្ត្រីក្រសួងការងារ លើកទឹកចិត្តសិស្ស-និស្សិត ខិតខំសិក្សា និងបង្កើនជំនាញ
(កំពង់ធំ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់ សិស្ស-និស្សិត ឱ្យខិតខំសិក្សា និងបង្កើនជំនាញ ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ខ្លួន និងរួមចំណែក ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងដូច្នេះ ក្នុងពិធីប្រគល់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈជូនសិស្ស-និស្សិត នៃវិទ្យាស្ថាន ពហុបច្ចេកទេសខេត្តកំពង់ធំ នាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយមានសិស្ស-និស្សិតចំនួន ៣៥០ នាក់ បានទទួលសញ្ញាបត្រថ្នាក់បច្ចេកទេសជាច្រើនដំណាក់កាល រួមមានសញ្ញាបត្រវិជ្ជាជីវៈថ្នាក់ទី ១, ២, ៣ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស។
ឯកឧត្តម ហេង សួរ បានអបអរសាទរចំពោះសមិទ្ធផលប្រកបដោយផ្លែផ្កាដែលសិស្ស និស្សិតជ័យលាភីទាំងអស់ ទទួលសញ្ញាបត្រនាពេលនេះ ដើម្បីជាគ្រឹះសម្រាប់សិស្ស និស្សិតផ្ទាល់ខ្លួន និងសម្រាប់ក្រុមគ្រួសារ ព្រមទាំងសង្គមជាតិ។
សមិទ្ធផលនេះ គឺជាសក្ខីភាពថ្មីមួយទៀតក្នុងការបង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការក្នុងការពង្រឹង និងពង្រីកវិស័យអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ចំណុចស្នូល នៃការសិក្សារបស់ TVET គឺរៀនទ្រឹស្តីតិច ការអនុវត្តច្រើន និងចុះហាត់ការជាក់ស្តែង ក្នុងរយៈពេលខ្លី ដើម្បីអាចចេញប្រកបការងារបានឆាប់។
ទន្ទឹមនេះ កម្មវិធី TVET គឺជាកិច្ចការអាទិភាពមួយ ដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងជំរុញយ៉ាងសកម្មជាមួយនឹងមន្ត្រីថ្នាក់ជាតិ ខេត្ត ក៏ដូចជារាល់បណ្ដាគ្រឹះស្ថាន TVET នានាទូទាំងប្រទេស ដើម្បីយុវជនជំនាន់ក្រោយ ដើម្បីគ្រួសារ ដើម្បីសហគមន៍ ដើម្បីការរីកចម្រើនសេដ្ឋកិច្ចក្នុងខេត្តកំពង់ធំ និងនៅទូទាំងប្រទេស។
ឯកឧត្តម ហេង សួរ បានបន្តថា ការសិក្សាផ្នែកបច្ចេកទេសវិជ្ជាជីវៈ គឺជាជម្រើសឆ្លាតវៃ សម្រាប់យុវជន ដែលអាចជួយបង្កើតអនាគតការងារ ដោយមិនបង្កឱ្យមានបន្ទុកចំពោះគ្រួសារ ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អនុសាសន៍ ដល់សិស្ស-និស្សិត ឲ្យបន្តពង្រឹងសមត្ថភាពបន្ថែមទៀត ហើយចែករំលែកព័ត៌មានអំពីអត្ថប្រយោជន៍ នៃការសិក្សាវិជ្ជាជីវៈដល់សហគមន៍ជុំវិញខ្លួន ៕






ដោយ ៖ វណ្ណលុក