ឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី ៖ ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជា សម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦% ហើយត្រូវបានព្យាករថានឹងមានកំណើន ៦,៣% នៅឆ្នាំ២០២៥
(ភ្នំពេញ)៖ បើទោះបីសេដ្ឋកិច្ចសកលនៅបន្តមានបញ្ហាប្រឈមខ្ពស់យ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជានៅតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទាក់ទាញការវិនិយោគ និងបង្កើតរោងចក្រ-សហគ្រាសជាបន្តបន្ទាប់ ដែលបានគាំទ្រកំណើនដែលជំរុញដោយការនាំចេញរបស់កម្ពុជា។ ក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦% និងត្រូវបានព្យាករថា នឹងមានកំណើន ៦,៣% នៅឆ្នាំ២០២៥ ដោយក្នុងនោះវិស័យឧស្សាកម្មបានរួមចំណែកប្រមាណ ៨,៥% នៅឆ្នាំ២០២៤ និងព្យាករថាមានកំណើនប្រមាណ ៨,៦% នៅក្នុងឆ្នាំ២០២៥។
នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥” នៅថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងមកពីក្រសួង-ស្ថាប័ន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ប្រមាណ ៦០០នាក់ ដោយផ្តោតលើការពិនិត្យវាយតម្លៃសមិទ្ធផល បញ្ហាប្រឈម និងកំណត់អាទិភាពសម្រាប់ឆ្នាំខាងមុខ ។
ឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី បន្តថា ៖ “សន្និបាតរយៈពេល ២ថ្ងៃនេះផ្តល់ជាវេទិកាដ៏មានសារៈសំខាន់មួយសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ បានពិភាក្សាផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធន៍ រួមគ្នាវាយតម្លៃ និងដាក់ទិសដៅសម្រាប់យកទៅអនុវត្តភារកិច្ចរបស់ខ្លួននៅឆ្នាំ២០២៥ ឱ្យសម្រេចបានជោគជ័យ មានប្រសិទ្ធផល និងប្រសិទ្ធភាពខ្ពស់។”
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានអាណត្តិកិច្ចដឹកនាំ និងគ្រប់គ្រងអភិវឌ្ឍន៍ការងារសំខាន់ៗ រួមមានវិស័យឧស្សាហកម្ម, វិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម, វិស័យទឹកស្អាត, ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងផលិតភាពជាតិ, វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការកសាងសហគ្រិនភាព ។
នៅក្នុងថ្ងៃទី១ នៃអង្គសន្និបាត តំណាងក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ បានពិភាក្សាលើប្រធានបទរួមស្តីពីការគាំទ្រឧស្សាហូបនីយកម្ម ពិសេសការពង្រីកមូលដ្ឋានឧស្សាកម្មមិនប្រពៃណៃ បន្ថែមលើឧស្សាហវាយនភ័ណ្ឌ និងសំលៀកបំពាក់ ដោយផ្តោតលើការត្រៀមខ្លួនចាកចេញពី ឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ និងការកសាងមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ ដើម្បីចៀសឱ្យផុតពី “អន្ទាក់ប្រទេសចំណូលមធ្យម”។
អង្គសន្និបាតក៏បានចូលពិភាក្សាលើប្រធានបទជាយុទ្ធសាស្ត្រគន្លឹះចំនួន៦ រួមមានការជំរុញការកែច្នៃ និងឧស្សាហកម្មប្រតិគមន៍, របៀបវារៈអាទិភាព នៃវិស័យទឹកស្អាតសម្រាប់គោលដៅឆ្នាំ២០៣០, ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងផលិតភាពជាតិ, ការគាំទ្រការអភិវឌ្ឍ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងការកសាងសហគ្រិនភាព, ការកែទម្រង់សេវាសាធារណៈ ឌីជីថលូបនីយកម្ម និងការងារកសាងស្ថិតិ និងទិន្នន័យ, និងការជំរុញវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងកម្មសិទ្ធិបញ្ញា៕





អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា