អភិបាលរាជធានីភ្នំពេញ អរគុណទីក្រុងសម្ព័ន្ធមេត្រីភាពទាំង ៩ របស់ប្រទេសចិន ពិសេសទីក្រុងប៉េកាំង
(ភ្នំពេញ)៖ តាមរយៈទំនងប្រទេសចិន កម្ពុជា អភិបាលរាជធានីភ្នំពេញ អរគុណទីក្រុងសម្ព័ន្ធមេត្រីភាពទាំង ៩ របស់ប្រទេសចិន ពិសេស ទីក្រុងប៉េកាំង ដែលបានជួយរាជធានីភ្នំពេញ ជាច្រើន ទាំងសម្ភារ បរិក្ខា និងថ្នាំពេទ្យជាដើម ដើម្បីចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ កន្លងមក ។
ការលើកឡើងបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម យីន លី សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ប្រចាំរដ្ឋធានីប៉េកាំង នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ក្នុងឱកាសដែលគណៈប្រតិភូ មកបំពេញទស្សនកិច្ច នៅកម្ពុជា ។
ឯកឧត្តម យីន លី បានកោតសរសើរ និងបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំងចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ។ ហើយ ចិន និងកម្ពុជា ជាមិត្តកម្រិតខ្ពស់ មានសុខ រួមសុខ មានទុក្ខ រួមទុក្ខនិងមានជោគវាសនារួមគ្នា ។
ឯកឧត្តម យីន លី បានបញ្ជាក់ថា៖ ទីក្រុងទាំង២ ប៉េកាំង និងទីក្រុងភ្នំពេញ មានលក្ខណៈពិសេសរៀងៗខ្លួន តែសម្រាប់ទីក្រុងភ្នំពេញមានដង់ស៊ីតេខ្ពស់ជាងទីទីក្រុងប៉េកាំង ពោលគឺ ទីក្រុងប៉េកាំងមានផ្ទៃដីទំហំ ១៦០០០គីឡូម៉ែត្រការ៉េ មានប្រជាពលរដ្ឋរស់នៅប្រមាណ ២២លាននាក់ មានដង់ស៊ីតេ ៣០០០នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ ចំណែកទីក្រុងភ្នំពេញវិញមានមានផ្ទៃដីទំហំ ៦៩៥,២១៨គីឡូម៉ែត្រការ៉េ មានប្រជាពលរដ្ឋរស់នៅជាង ២លាន ៥សែននាក់ មានដង់ស៊ីតេប្រមាណ ៣.៦០០នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ។
គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម និង គណៈប្រតិភូនាពេលនេះ គឺដើម្បីចូលរួមអនុវត្តឱ្យកាន់តែស៊ីជម្រៅ និងខ្លាំងក្លាថែមទៀត ស្របតាមការឯកភាពរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ រដ្ឋធានីប៉េកាំងមានបំណងពង្រីក កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញឱ្យកាន់តែខ្លាំងក្លាថែមទៀត។ បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យាឌីជីថល សិល្បៈ វប្បធម៌ ទេសចរណ៍និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។
ឯកឧត្តម យីន លីបានស្នើ បានស្នើសុំរដ្ឋបាលរាជធានីភ្នំពេញ លើកិច្ចសហប្រតិបត្តិការចំនួន ៤ចំណុចបន្តែមទៀត រួមមមាន៖
ទី១ ការរក្សាទំនាក់ទំនងល្អរវាងគ្នានឹងគ្នា តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើចំណុចសក្ដានុពលរបស់ទីក្រុងទាំងពីរ។
ទី២ ពង្រឹងសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មស្របតាមខ្លឹមសារនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន-កម្ពុជាដែលមានស្រាប់ លើវិស័យទីផ្សារកសិផល សេដ្ឋកិច្ចឌីជីថល ជំរុញសហគ្រាស និងក្រុមហ៊ុនរបស់ទីក្រុងប៉េកាំងមកវិនិយោគនៅរាជធានីភ្នំពេញ និងអញ្ជើញភាគីភ្នំពេញ «អភិបាលរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ចការងារនៅទីក្រុងប៉េកាំងវិញ។
ទី៣ ជំរុញទំនាក់ទំនងស៊ីជម្រៅរវាងប្រជាជន និងប្រជាជន តាមរយៈវិស័យវប្បធម៌ ទេសចរណ៍ សុខាភិបាល ទំនាក់ទំនងយុវជន និងយុវជន ព្រមទាំងសមាគមគ្រូ និស្សិត។ល។
ទី៤ ការចែករំលែក បទពិសោធន៌រវាងគ្នា នឹងគ្នា លើការងារ គ្រប់គ្រងទីក្រុង ការរៀបចំទីក្រុង ការងារទីក្រុងឆ្លាតវៃ ហេដ្ឋា រចនាសម្ព័ន្ធព្រមទាំងការសហការរវាងសហគ្រាស និងសហ គ្រាស ៕






ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ