នារីចោទថា មានកូនទី១៣ជាមួយ Elon Musk ដាក់ពាក្យប្តឹងទៅតុលាការ
បរទេស៖ រឿងរ៉ាវកូនទី១៣ របស់លោកមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk កាន់តែក្តៅ ក្រោយ ក្រោយពេលដែលនារីជាម្តាយ បានដាក់ពាក្យប្តឹងទៅតុលាការ ជុំវិញបុរសវ័យ ៥៣ឆ្នាំរូបនេះ នៅតែមិនទទួលស្គាល់ក្មេងរូបនេះ ជាផ្លូវការ នេះបើតាមការចុះផ្សាយ របស់កាសែត Washington Post ។
គួរបញ្ជាក់ថា ជាផ្លូវការ លោក Elon Musk មានកូន១២នាក់ ជាមួយនឹងនារី ៣នាក់។
យោងតាមពាក្យបណ្តឹងស្នើឲ្យចាប់ឃុំខ្លួន នាង Ashley St. Clair វ័យ២៦ឆ្នាំ ដែលជាបុគ្គលល្បីក្នុងសង្គម បានរៀបរាប់ថា កុមារដែលក្នុងឯកសារ ដាក់ឈ្មោះអក្សរកាត់ថា R.S.C បានចាប់កំណើត កាលពីខែកញ្ញា ឆ្នាំ២០២៤ ហើយកុមាររូបនេះ បានជួបមុខលោក Musk ត្រឹមតែបីដងគត់ តាំងពីពេលនោះមក។ នាងបានបន្តទៀតថា បុរសមានទ្រព្យច្រើនជាងគេលើលោក រូបនេះ មិនបានបំពេញកាតព្វកិច្ច ចិញ្ចឹមបីបាច់ថែទាំកូននោះទេ ហើយថា បច្ចុប្បន្ន នាងនិងកូនកំពុងរស់ នៅក្នុងទីក្រុង New York។
យោងតាមពាក្យបណ្តឹង រូបនាង និង លោក Musk បានចាប់ផ្តើម ទំនាក់ទំនងស្នេហា ក្នុង ខែឧសភា ឆ្នាំ២០២៣ ហើយនាងមានផ្ទៃពោះ នៅខែមករា ឆ្នាំ២០២៤។ នាងអះអាងថា នាងភស្តុតាង លោក Musk ធ្លាប់ ទទួលស្គាល់ភាពជាឪពុក នៅក្នុងសារឆ្លើយឆ្លង ក្រោយថ្ងៃចាប់កំណើតរបស់កុមារ R.S.C. ។ នាង St. Clair បានស្នើសុំដីកា របស់តុលាការសម្រាប់ការធ្វើតេស្តហ្សែន ទៀតផង ដោយអះអាងថា មេធាវីរបស់នាងបានព្យាយាមដោះស្រាយរឿងនេះ ជាលក្ខណៈឯកជន តាមរយៈតំណាង របស់ Musk ដែរ ។ ទោះជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX រូបនេះ មិនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង លើរឿងនេះទេ។
លោក Elon Musk មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយរបស់ Washington Post នៅឡើយទេ គិតត្រឹមដើមសប្តាហ៍នេះ៕
ប្រភពពី Washington Post ប្រែសម្រួល៖ សារ៉ាត