សម្ដេចបវរធិបតី ជំរុញប្រជាពលរដ្ឋ ឱ្យប្រើប្រាស់បច្ចេកវិទ្យា​ឌីជីថល

(សៀមរាប)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញប្រជា​ពលរដ្ឋ ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ព្រោះថា នៅក្នុង​វិស័យ​ណា ក៏មានការចាំបាច់ក្នុងការប្រើប្រាស់ដែរ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះ​រាជា​ណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីប្រគល់​សញ្ញា​បត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់​ជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។

សម្ដេចបវរធិបតី បានមានប្រសាសន៍ថា ធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់គ្រប់ដំណើរការនៃការអភិវឌ្ឍ។ ក្នុងន័យនេះ ទើបរាជរដ្ឋាភិបាលនៅតែបន្តកំណត់លំដាប់​វិស័យអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យក “មនុស្ស”ជាអាទិភាពទី១ ហើយ ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ជាអាទិភាពបន្តបន្ទាប់ និងបានកំណត់យក “ការអភិវឌ្ឍធនធានមនុស្ស” ជាបញ្ចកោណទី១ ក្នុងចំណោម​បញ្ច​កោណទាំង៥។

ជាមួយគ្នានេះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រីក៏បានជំរុញ​ប្រជា​ពលរដ្ឋឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ព្រោះបច្ចេកវិទ្យា​នេះ គឺជាផ្នែកមួយនៃជីវិតទៅហើយ មិនថានៅក្នុងវិស័យណា ក៏មានការចាំបាច់ក្នុងការប្រើប្រាស់ដែរ ។ ហេតុនេះហើយ បានជារាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាច្រើនដើម្បីពង្រឹងគុណភាពធនធានមនុស្សក្នុងការធ្វើទំនើបកម្មឌីជីថលលើគ្រប់វិស័យ។ ជាក់ស្ដែង សូម្បីតែការធ្វើទិដ្ឋាការ (VISA) និងការដាក់លក់សំបុត្រចូលទស្សនាក្នុងតំបន់​រមណីយ​ដ្ឋានអង្គរ ក៏ត្រូវធ្វើតាមប្រព័ន្ធអនឡាញ និងម៉ាស៊ីនស្វ័យប្រវត្តិ រួចទៅហើយ។

ពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្សនេះដែរ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាលក្នុងកសាងធនធានមនុស្សដើម្បីឱ្យកូនខ្មែរមានភាពរឹងមាំ និងកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៅមុខទៀត និងមានភាពម្ចាស់ការលើខ្លួនឯងលើគ្រប់វិស័យ និងប្រកាន់​យកទស្សនៈ ពង្រឹងជាតិខ្មែរ គឺពង្រឹងខ្លួនឯង ។ ជាមួយគ្នានេះ យើងអាចអភិវឌ្ឍធនធានមនុស្សរីកចម្រើនទៅមុខបានលុះត្រាតែប្រទេសយើងមានសុខសន្តិភាព ស្ថិរភាព និងសណ្ដាប់​ធ្នាប់​ល្អ ហេតុនេះ ត្រូវថែរក្សាឱ្យបាន ។

សម្ដេចបវរធិបតី ក៏បានជំរុញលើកទឹកចិត្តឱ្យនិស្សិតជ័យ​លាភី​ទាំងអស់ ត្រូវប្រកាន់នូវផ្នត់គំនិតវិជ្ជមាន ព្រមទាំងដាក់ទិស​ដៅ​ការងា​រឱ្យចំ និងច្បាស់លាស់ដើម្បីទទួលបានជោគជ័យ​ក្នុងជី​វិត ហើយត្រូវខិតខំព្យាយាមក្នុងការដោះស្រាយបញ្ហានានា ។ ការបំពេញការងារត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ « ធ្វើឱ្យ​លឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍» ដោយមុននឹងធ្វើ​កិច្ចការ​អ្វីមួយត្រូវកំណត់អាទិភាពការងារទៅតាមលំដាប់​លំ​ដោយ, ក្ដាប់ឱ្យបាននូវគោលបំណង និងគោលការណ៍របស់​ថ្នាក់លើ រួចត្រូវព្យាយាមបំពេញការងារឱ្យលឿន និងដោះ​ស្រាយបញ្ហាឱ្យបាន និងស្របតាមគោលគំនិតរបស់ថ្នាក់លើ​ឱ្យអស់លទ្ធភាព ក្នុងករណីដោះស្រាយមិនបាន ត្រូវសុំគោល​ការណ៍ និងរាយការណ៍ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner