សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាត បូកសរុប​ការងារអប់រំ យុវជន និងកីឡា និងទិសដៅបន្ត

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ពិធី​បិទសន្និបាត បូកសរុបការងារអប់រំ យុវជន និង កីឡា ឆ្នាំ​សិក្សា​២០២៣-២០២៤ និងទិសដៅ ឆ្នាំសិក្សា​២០២៤​-២០២៥ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យា​ស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពរញ ។

ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​អប់រំ យុវជន និងកីឡា បានឱ្យដឹងថា សន្និបាតអប់រំ យុវជន និងកីឡាឆ្នាំនេះ បានដំណើរការចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២៥ ដើម្បីបូកសរុបវាយតម្លៃការងារ ដែល​បាន​អនុវត្តក្នុងឆ្នាំសិក្សាកន្លងមក និង លើកទិសដៅការងារ​សម្រាប់ឆ្នាំសិក្សាខាងមុខទៀត ។

ឯកឧត្តម ហង់ជួន ណារ៉ុន បានបន្តថា មុននឹងមាន​សន្និបាត​នៅថ្នាក់ជាតិនេះ ក្រសួង បានណែនាំមន្ទីរ អប់រំ យុវជន និង​កីឡារាជធានី ខេត្តទាំងអស់ ឱ្យរៀបចំរបាយការណ៍សន្និបាត ដើម្បីប្រមូលធាតុ ចូលពីថ្នាក់ក្រោមជាតិ មកពិភាក្សាដោះ​ស្រាយក្នុងសន្និបាតនៅថ្នាក់ជាតិ ដែលមានអ្នកចូលរួម ផ្ទាល់​ប្រ​មាណ ២០០០នាក់ និងមានអ្នកចូលរួមជាច្រើនទៀត​តាម​ប្រព័ន្ធអនឡាញ”។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួង បាន​ជ្រើសរើសប្រធានបទ បទបង្ហាញ និងបទអន្តរាគមន៍ ដែល​មាន​ខ្លឹម​សារជា យុទ្ធសាស្ត្រ ស្របទៅនឹងវិធានការគន្លឹះទាំង៤ ដែលជាអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដើម្បីពង្រឹងគុណភាពអប់រំ និងស្របទៅនឹងការអនុវត្តស្តង់​ដា​សាលារៀនគំរូ ដែលជាគោលនយោបាយកម្រិតសាលារៀន ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹង​ទៀត​ថា សមិទ្ធផល នៃការស្តារឡើងវិញ នៃវិស័យអប់រំ ក្នុង​រយៈ​ពេលជាច្រើនទសវត្ស កន្លងទៅនេះ ជាពិសេស ការ​សម្រេច​ចិត្តជាយុទ្ធសាស្ត្រ របស់សម្តេចតេជោ អតីត​នាយក​រដ្ឋមន្ត្រី ក្នុងការបង្កើនថវិកា សម្រាប់វិស័យអប់រំ និងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ នៃគ្រឹះស្ថានសិក្សា បានធ្វើឱ្យកម្ពុជា​សម្រេ​ច​បាន នូវសមិទ្ធផលដ៏ល្អខាងផ្នែកលើកកម្ពស់អក្ខរកម្ម ថ្វីត្បិត​តែកម្ពុជាត្រូវ ការរៀបចំរបាយការណ៍ទូទាត់ កសាងប្រព័ន្ធអប់រំ​កម្ពុជាឡើងវិញ ពីចំណុចសូន្យ ចាប់តាំងពីជាង ៤០ឆ្នាំមុន បន្ទាប់ពីរបបប្រល័យ ពូជសាសន៍ បានបញ្ចប់ និងចាប់តាំង​ពីកម្ពុជា សម្រេចបានសុខ សន្តិភាពចាប់តាំងពី ២០ឆ្នាំមុននេះ”។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តថា ការអភិវឌ្ឍវិស័យអប់រំ គឺជាការងាររួមរបស់ រាជរដ្ឋាភិបាលទាំងមូល ទាំងនៅថ្នាក់ជាតិ និង ទាំងនៅថ្នាក់ក្រោមជាតិ ក្រោមការដឹកនាំ ប្រកបដោយគតិ​បណ្ឌិត​របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងដោយមានការ​ចូល​រួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសបុគ្គលិក អប់រំ​គ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ក្រុមការងារថ្នាក់​ជាតិចុះ​ជួយ​មូលដ្ឋាន មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស និងដៃគូអភិវឌ្ឍផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner