សម្តេចប្រធានរដ្ឋសភាកម្ពុជា ជឿជាក់ថា បេសសកម្មការទូត​វៀត​ណាមថ្មី នឹងបន្តកិច្ចសហប្រតិបត្តិការយូរអង្វែង និងគ្រប់​ជ្រុង​ជ្រោយ

(ភ្នំពេញ)៖ ខណៈទទួលជួប ឯកឧត្តម ង្វៀន មិញវ៉ូ ( NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថភាពថ្មីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា មានជំនឿមុតមាំថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ និងសហការី នឹងបន្តលើកកម្ពស់ “ទំនាក់ទំនងមិត្តភាព​ជិតខាងល្អ ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ​ប្រកប​ដោយភាពរឹងមាំ យូរអង្វែងនិងគ្រប់ជ្រុងជ្រោយ” លើគ្រប់​វិស័យទាំងការងារការទូតសភា ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគនិងវិស័យជាច្រើនទៀត។

ឯកឧត្តម ង្វៀន មិញវ៉ូ បានចាប់អារម្មណ៍ខ្ពស់ចំពោះ​សមិទ្ធ​ផល​ជាច្រើនដែល រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននាពេល​កន្លងមក។ ទន្ទឹមនេះដែរ ប្រទេសវៀតណាមបានដាក់ទុន​វិនិយោគនៅកម្ពុជាចំនួន ៤០០គម្រោង ក្នុងទំហំ​ទឹកប្រាក់​ប្រមាណ ៣ពាន់លានដុល្លារ ។

ឯកឧត្តម ង្វៀន មិញវ៉ូ សង្ឃឹមថា រដ្ឋសភាកម្ពុជា នឹងបន្តផ្តល់​កិច្ចសហការល្អជាមួយស្ថានទូតវៀតណាម ដើម្បីឱ្យបេសកកម្ម​ការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ នាំមកនូវផលប្រ​យោជន៍​ជូនប្រទេសនិងប្រជាជនទាំងសងខាង។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងឯកឧត្តម ង្វៀន មិញវ៉ូ បានបញ្ជាក់ជំហររួមគ្នានៅក្នុងការពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី ក៏ដូចជាទាំងខាងស្ថាប័ននីតិប្បញ្ញត្តិនិង​នីតិ​ប្រតិបត្តិដោយយកប្រជាពលរដ្ឋជាស្នូល ។ សម្តេចប្រធាន​​​រដ្ឋសភានិងឯកឧត្តមឯកអគ្គរដ្ឋទូតសន្យាថានឹងខិតខំជំរុញឱ្យទំហំពាណិជ្ជកម្មប្រទេសទាំងពីរសម្រេចបានដល់ ២០ពាន់​លានដុល្លារក្នុងពេលខាងមុខនេះ ៕

ដោយ ៖ ហេង សម្បត្តិ + ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner