លោក Trump ប្រាប់អង់គ្លេសឲ្យឆាប់ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីរួចផុតពីការតំឡើងពន្ធ

លោក Donald Trump បានប្រាប់ នាយករដ្ឋមន្ត្រីអង់គ្លេស ឲ្យឆាប់ចុះកិច្ចព្រមព្រៀងជាមួយអាមេរិក ដើម្បីឲ្យរួចផុតពីការតំឡើងពន្ធទំនិញនាំចូលសហរដ្ឋអាមេរិក នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃសុក្រនេះ។

ការលើកឡើងនេះ បានធ្វើឡើងអំឡុងសន្និសីទសារព័ត៌មានរួមគ្នា រវាងលោក Trump និងលោក Keir Starmer នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ដែលបានទៅបំពេញទស្សនកិច្ចនៅអាមេរិក។

លោក Trump បានប្រាប់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស អាចកើតឡើងយ៉ាងឆាប់រហ័ស ហើយ កិច្ចព្រមព្រៀងពាណិជ្ជកម្មពិតប្រាកដ អាចជួយឲ្យចក្រភពអង់គ្លេស ជៀសវាងការតំឡើងពន្ធ ដែលប្រធានាធិបតីរូបនេះ បានកំពុងគំរាមកំហែង លើដៃគូពាណិជ្ជកម្មនានា របស់សហរដ្ឋអាមេរិក។

ជាការឆ្លើយតប លោក Keir Starmer បាននិយាយថា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកនឹងចាប់ផ្តើមធ្វើការលើកិច្ចព្រមព្រៀងមួយ ដែលផ្តោតលើសក្តានុពលនៃបញ្ញាសិប្បនិម្មិត។ លោកបាននិយាយថា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានបង្កើត ការច្នៃប្រឌិតបច្ចេកវិទ្យាដ៏អស្ចារ្យ នៃសតវត្សចុងក្រោយនេះ ហើយឥឡូវនេះ មានឱកាសធ្វើដូចគ្នា នៅក្នុងសតវត្សទី២១នេះ។

គួរបញ្ជាក់ថា លោក Trump បានគំរាមម្តងហើយម្តងទៀត ក្នុងការដាក់ពន្ធបន្ថែម លើទំនាំចូល ពីបណ្តា សម្ព័ន្ធមិត្តជាច្រើន រួមទាំង ២៥% លើទំនិញដែលផលិត នៅក្នុងសហភាពអឺរ៉ុប៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner