កុងត្រារ៉ែបរាជ័យ ក្រោយ Trump-Zelensky ប៉ះសម្តីគ្នាខ្លាំងៗ
បរទេស ៖ ក្រោយជួបតឹងសសៃ ក ដាក់គ្នា ប្រធានាធិបតីអាមេរិក លោក Trump បានប្រាប់អ្នកសារព័ត៌មាន នៅក្រៅសេតវិមានថា មេដឹកនាំអ៊ុយក្រែន លោក Zelensky មានមហិច្ឆតាជ្រុលពេក ខណៈដែលកិច្ចព្រមព្រៀងរ៉ែ ខកខានមិនបានចុះហត្ថលេខា តាមគម្រោងនោះទេ។
បន្ទាប់ពីជំនួប កាលពីថ្ងៃត្រង់ថ្ងៃសុក្រ ដែលត្រូវនឹងយប់អធ្រាត ម៉ោងនៅកម្ពុជា លោក ដូណាល់ ត្រាំ បាននិយាយថា «ខ្ញុំចង់បានបទឈប់បាញ់មួយ ឥឡូវនេះ! ចង់ឱ្យការប្រយុទ្ធ នៅអ៊ុយក្រែនបញ្ចប់ ភ្លាមៗ»។ តែ លោកបានចោទប្រកាន់លោក Zelensky ថា កំពុងស្វែងរកការបន្តប្រយុទ្ធគ្នា។ លោក Trump បានបន្ថែមថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ក៏ចង់បញ្ចប់ដែរ។
ការប្រឈមមុខដាក់គ្នា នៅការិយាល័យរាងពងក្រពើ បានកើតឡើង បន្ទាប់ពីលោក Trump បាននិយាយថា អ៊ុយក្រែននឹងត្រូវធ្វើ «ការសម្របសម្រួល» នៅក្នុងបទឈប់បាញ់ ជាមួយរុស្ស៊ី ដែលបានកាន់កាប់ទឹកដីអ៊ុយក្រែន មានទាំង ទីក្រុងនិងទីប្រជុំជន នៅតាមដងផ្លូវនានា។ តែ Zelensky បានឆ្លើយតប ដោយសំដៅទៅលើ លោក Putin ថា មិនគួរមាន «ការសម្របសម្រួល ជាមួយឃាតករ នៅលើទឹកដីរបស់យើងទេ»។
កិច្ចព្រមព្រៀងរ៉ែ មិនត្រូវបានចុះហត្ថលេខាទេ ហើយសន្និសីទសារព័ត៌មានរួមត្រូវបានលុបចោល។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា លោក Zelensky ត្រូវបានប្រាប់ឱ្យចាកចេញ ពីសំណាក់មន្ត្រីជាន់ខ្ពស់ របស់លោក Trump៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត