កងកម្លាំងអន្តរាគមន៍ និងមន្រ្តីបរិស្ថានខេត្តកំពង់ធំបង្រ្កាប និងរឹបអូសឈើជាង ១៣ម៉ែត្រគូបក្នុងព្រៃឡង់

កំពង់ធំ៖កងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិ​ការសឹក​រងកំពង់ធំ សហការជាមួយកម្លាំងនៃ​មន្ទីរបរិស្ថាន​ខេត្តកំពង់ធំ បាន​បង្ក្រាប និងរឹបអូសយកឈើចម្រៀកជាង១៣ ម៉ែត្រគូប ដែលក្រុមជន​ល្មើសលួចកាប់​នឹងអារ​ជាឈើ​ចម្រៀកនៅក្នុងតំបន់ព្រៃឡង់ ជាប់​ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ។

កម្លាំងចម្រុះបានចំណាយពេលពីរយប់បីថ្ងៃពីម៉ោង៣ ទៀបភ្លឺថ្ងៃទី២៥ ដល់ល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ទើបអាច​រកមធ្យោបាយដឹកជ​ញ្ជូនឈើខុសច្បាប់ មកកាន់ភូមិជាំស្វាយ ឃុំមានរិទ្ធិ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ដោយសារស្ថានភាពផ្លូវលំបាក។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការនៃបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការសឹករងកំពង់ធំបានបញ្ជាក់នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ថា លទ្ធផលនៃការបង្ក្រាបបទល្មើសព្រៃឈើនេះ គឺដោយ​សារទទួលបានសេចក្តីរាយការណ៍ថា មាន​សកម្មភាព​លួចកាប់នឹង​អារឈើនៅក្នុងភូមិសាស្ត្រព្រៃឡង់ តំបន់ក្បាលអូរទឹកថ្លា ជាប់ព្រំ​ប្រទល់​ខេត្តកំពង់ធំ និងខេត្តក្រចេះ។ លោកថា ពួកក្រុមជន​ល្មើស​តែងតែលួចកាប់ និងអាឈើនៅតំបន់នេះព្រោះ មានភាពងាយ​ស្រួលដោយសារ មានចម្ងាយ​ឆ្ងាយពីសកម្មភាពរបស់សមត្ថ​កិច្ចខេត្តខេត្តកំពង់ធំ និងខេត្តក្រចេះ ។ក្នុងពេលប្រតិបត្តិការ​ក្រុមជនល្មើសបានដឹងខ្លួនមុន ហើយបានរត់គេចខ្លួនបាត់។

ក្រោយការបង្រ្កាប ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់​ភារកិច្ចឱ្យកងកម្លាំងផ្នែកសឹករងសណ្តាន់ នៃបញ្ជាការ​ដ្ឋានតំបន់​ប្រតិបត្តិការសឹករងកំពង់ធំ បន្តសហការជាមួយស្ថាប័នជំនាញបរិស្ថាន និងអាជ្ញាធរដែនដី ស្រាវជ្រាវ​រកមុខ​សញ្ញាជនល្មើស ដែលបាន​លួចកាប់ឈើនៅក្នុងតំបន់ព្រៃឡង់ជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ដើម្បីចាត់វិធាន​ការតាមផ្លូវច្បាប់ ដោយគ្មាន​ការលើកលែង៕
ដោយ៖ ប៊ុន រដ្ឋា

ads banner