មហាសេដ្ឋី Elon Musk គាំទ្រលោក Trump ដកអាមេរិកចេញពីអង្គការសហប្រជាជាតិ និងណាតូ
វ៉ាស៊ីនតោន ៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk ថ្មីៗនេះបានបង្ហាញការគាំទ្រសមាជិកសភាពីគណបក្សសាធារណរដ្ឋមួយចំនួន ដែលអំពាវនាវឱ្យដកអាមេរិកចេញពីអង្គការណាតូ និងអង្គការសហប្រជាជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Independent។

ប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ថា (DOGE) រូបនេះ បានបង្ហោះសារនៅលើវេទិកា X ថា ខ្ញុំឯកភាពនឹងការប្រកាសអំពាវនាវថា ដល់ពេលវេលាហើយ ដែលសហរដ្ឋអាមេរិកត្រូវចាកចេញពីអង្គការណាតូ និងអង្គការសហប្រជាជាតិ។
បើតាមសមាជិកព្រឹទ្ធសភាអាមេរិក លោក Mike Lee ដែលបានរិះគន់អង្គការណាតូនិយាយថា បក្សសម្ព័ន្ធយោធានេះ គឺជា “កិច្ចព្រមព្រៀងដ៏អស្ចារ្យសម្រាប់អឺរ៉ុប” ប៉ុន្តែជា “កិច្ចព្រមព្រៀងគ្មានប្រយោជន៍ទាល់សោះសម្រាប់អាមេរិក”។
លោក Lee បានបង្ហោះសារនៅលើវេទិកា X ថា ធនធានរបស់អាមេរិកត្រូវបានគេប្រើប្រាស់ដើម្បីការពារសន្តិសុខអឺរ៉ុប ខណៈដែលការការពារអាមេរិកវិញគឺមានតិចតួចប៉ុណ្ណោះ។ ដូច្នេះហើយ យើងនឹងដកអាមេរិកចេញពីអង្គការណាតូ ព្រោះវាជា “ពេលវេលាល្អ” ដើម្បីចាកចេញពីសម្ព័ន្ធភាពនេះ។
សូមរម្លឹកថា ប៉ុន្មានថ្ងៃបន្ទាប់ពីការចូលកាន់តំណែង លោក Trump បាននិយាយថា សហរដ្ឋអាមេរិកកំពុងការពារសមាជិកនៃសម្ព័ន្ធមិត្តណាតូ ប៉ុន្តែពួកគេមិនបានការពារយើងវិញទេ។
មេដឹកនាំអាមេរិករូបនេះ ជាថ្មីម្តងទៀតបានជំរុញឱ្យសមាជិកណាតូចំណាយ ៥% នៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេ លើវិស័យការពារជាតិ ខណៈបច្ចុប្បន្នត្រឹម ២%ប៉ុណ្ណោះ ដែលនាំឱ្យរដ្ឋជាសមាជិកបង្ហាញការមិនពេញចិត្តជាខ្លាំង។
យ៉ាងណា លោក Trump មានឱកាសច្រើនក្នុងការជំរុញឱ្យបណ្តាប្រទេសអឺរ៉ុបចំណាយប្រាក់ក្នុងហោប៉ៅបន្ថែមទៀតលើវិស័យការពារជាតិ ដោយលើកហេតុផលថា អាមេរិកកំពុងទទួលបន្ទុកធ្ងន់ពេក ដើម្បីរក្សាសម្ព័ន្ធមិត្តឱ្យមានសុវត្ថិភាព។ អង្គការណាតូបច្ចុប្បន្នមានសមាជិកចំនួន ៣២ប្រទេស ក្នុងនោះមានប្រទេសអឺរ៉ុបចំនួន ៣០ បូករួមទាំងសហរដ្ឋអាមេរិក និងកាណាដា៕
ប្រភព ៖ Independent ប្រែសម្រួល ៖ ឈឹម ទីណា
